
ឆ្មាដាវ ជាប្រភេទថនិកសត្វដែលពូកែហែលទឹក ហើយវារស់នៅក្នុងព្រៃស្ទើរគ្រប់ប្រភេទ ដែលមានវត្តមាននៅក្នុងចម្ការពូជគ្រញូង ខេត្តសៀមរាប។វាស៊ី បក្សី សត្វកកេរ ត្រកួត ក្តាន់ញ៉ែង ជាអាហារ។
ឆ្មានេះវាចាប់ផ្ដើមបន្តពូជបាននៅអាយុ ១៨ខែ និងបន្តពូជបានពេញមួយឆ្នាំ ហើយរយៈពេលពពោះពី ៦៥ ដល់៧២ថ្ងៃ ដែលអាចមានកូនពី ១ក្បាលទៅ៤ក្បាលក្នុងមួយលើក។

ឆ្មានេះមានសម្បុរលឿងត្នោត លាយជាមួយរោមអុចៗពណ៌ខ្មៅដែលមានអង្កត់ផ្ចិត ២,៥ស.ម ឬលើសពីនេះ និងមានឆ្នូត ៤ទៅ៦ឆ្នូត សម្បុរត្នោតចាស់ចាប់ផ្តើមចេញពីលើក្បាល និងផ្នែកខាងក្រោយនៃក រហូតដល់ស្មា។ ផ្នែកចំហៀង និងជើងទាំង ៤របស់វាមានដុំអុចៗក្រម៉ៅចាស់ និងកន្ទុយមានលាយពណ៌ខ្មៅអុចៗចាប់ពីគល់កន្ទុយរហូតដល់ចុង ហើយផ្នែកខាងក្រោយ និងក្រោមភ្នែកវិញ មានឆ្នូតក្រម៉ៅ ខ័ណ្ឌចែកដោយបន្ទះពណ៌ស។
គម្រោងព្រៃលំហែកម្សាន្តធម្មជាតិបានឲ្យដឹងថា បច្ចុប្បន្ន ឆ្មានេះកំពុងរងគ្រោះថ្នាក់ដោយសារការដាក់អន្ទាក់ ការខ្វះចំណី និងទីជម្រក និងបានចុះនៅក្នុងបញ្ជីក្រហម IUCN (LC) ថាជាប្រភេទសត្វរងគ្រោះ ថ្នាក់តិចតួច៕
ផ្ដល់សិទ្ធិដោយ៖Khmernas


