
អាជ្ញាធរខណ្ឌដូនពេញ បានចុះណែនាំដល់អាជីវកលក់ដូរតាមសួនច្បារ មុខវត្តបទុមវតី និងតាមទីសាធារណៈឲ្យផ្អាក់ការលក់អាហា ឬគ្រឿងស្រវឹងនៅពេលយប់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ នេះបើតាមការឲ្យដឹងរបស់រដ្ឋបាលខណ្ឌដូនពេញ កាលពីថ្ងៃទី ២៤ ខែឧសភា។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលកំពុងលក់ដូរតាមទីប្រជុំជនជាសេសតាមសួនច្បារទីសាធារណៈសូមមេត្តាកុំបន្តលក់ដូរដល់យប់ជ្រៅ។
លោកសង្កត់ធ្ងន់ថា ជាកំហិតគឺមិនអនុញ្ញាតឲ្យមានការបរិភោគអាហារ ឬភេសជ្ជៈ និងគ្រឿងស្រវឹងផ្សេងៗនៅតាមទីសាធារណៈក៏ដូចជានៅលើសួនច្បារនាពេលរាត្រី។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន នាយរដ្ឋមន្រ្តីព្រមានថា ប្រសិនបើហាង ឬភោជនីយដ្ឋានដែលបានបើកដំណើរការ ហើយមិនអនុវត្តអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវឈមបិទទ្វារបណ្ដោះអាសន្ន។
បច្ចុប្បន្នស្ថានភាពជំងឺកូវីដ ១៩នៅកម្ពុជាបានកើនឡើង ២ករណីបន្ថែមទៀត ដោយកើតលើបុរសម្នាក់ អាយុ២៦ ឆ្នាំនៅខេត្តកំពត ជាអ្នកដំណើរទើបត្រឡប់មកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅរដ្ឋកូរ៉េ និងស្រ្តីម្នាក់អាយុ៣៩ ឆ្នាំនៅភ្នំពេញ ជាអ្នកដំណើរទើបត្រឡប់មកពីអាមេរិក បន្តជើងហោះហើរនៅកូរ៉េមកកម្ពុជា។ ដូច្នេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩កើនដល់១២៤ នាក់៕

ផ្ដល់សិទ្ធិដោយ៖ khmernas