
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ ប្រាប់ឱ្យពលរដ្ឋ ដែលមិនទាន់បង់ថ្លៃសេវាសំរាម រួសរាន់បង់ឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសការផាកពិន័យ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៥ ឧសភា។
សាលារាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ចាប់តាំងពីអាជ្ញាធរសម្រេចឱ្យពលរដ្ឋបង់ថ្លៃសេវាសំរាម តាមរយៈប្រព័ន្ធអេឡិចត្រូនិចរហូតមកដល់ពេលនេះ គឺមានប្រជាពលរដ្ឋភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាមរួចហើយ ប៉ុន្ដែពលរដ្ឋមួយចំនួន មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះនៅឡើយ។
សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា បើសិនជាពលរដ្ឋនៅតែមិនបង់ថ្លៃសេវាសំរាមទេ នោះអាជ្ញាធរនឹងបញ្ចេញបញ្ជីឈ្មោះអ្នកដែលមិនទាន់បង់ថ្លៃសេវាសំរាម និងសំណល់រឹងជាសាធារណៈ តាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។ ក្រៅពីនេះអាជ្ញាធរ ក៏នឹងកត់ត្រាជាបំណុល ហើយអនុវត្តតាមវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មបណ្ដោះអាសន្ន និងអនុវត្តវិធានការផ្សេងៗទៀត តាមការចាំបាច់។
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អនុវត្តនូវការទូទាត់បង់ថ្លៃសេវាសំរាមប្រចាំខែ តាមរយៈប្រព័ន្ធអេឡិចត្រូនិក បញ្ជរទូទាត់នៅតាមធនាគារ ទីភ្នាក់ងារវេរលុយផ្សេងៗដែលមាននៅក្នុងកម្មវិធីទូរសព្ទ និងនៅទីសាធារណៈ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០មកនេះ។ ពលរដ្ឋត្រូវតែមកបង់សេវាប្រមូលសំរាមនេះ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១-១៥ ជារៀងរាល់ខែ។
ពលរដ្ឋត្រូវតែបង់ថ្លៃសំរាមតាមប្រព័ន្ធអេឡិចត្រូនិក តាមធនាគារអេស៊ីលីដា និងតាមភ្នាក់ងារវេរលុយដែលមានដូចជា Wing, AMK, True money, Dara Pay, PiPay, EMoney និងលីហួរវេរលុយជាដើម។ បើតាមសាលារាជធានីភ្នំពេញ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនស៊ិនទ្រី ប្រមូលសំរាមនៅតាមគេហដ្ឋាន ឬតាមស្ថាប័ននានា ប៉ុន្តែមិនមានសិទ្ធិប្រមូលថ្លៃសេវាសំរាមឡើយ៕
ផ្ដល់សិទ្ធិដោយ៖ khmernas