header ads

Sponsor

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​អះអាងថា ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន បាន​ចុះ​ពិនិត្យ​សពសត្វ​ទន្សោង​ដែល​ត្រូវបាន​ប្រទះឃើញ​ស្អុយរលួយ​កាលពី​ថ្ងៃទី​២០​មិថុនា ហើយ​បាន​សន្និដ្ឋានថា​សត្វ​ទន្សោង​នេះ អាច​ត្រូវ​បាញ់​គេ​គ្រាប់កាំភ្លើង​ព្រោះ​បាន​រកឃើញថា​មាន​បាក់ឆ្អឹង​ជំនី​ចំនួន​២ កាំ​នៅ​ផ្នែក​ខាងឆ្វេង​។

​សាកសព​សត្វ​ទន្សោង​នេះ​ត្រូវបាន​ដឹក​មកកាន់​ទីស្នាក់ការ​ស​ហគ​មន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន ដើម្បី​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​តាមបែប​ពុទ្ធសាសនា រួចហើយ​នឹង​កប់​ទន្ទឹម​នឹង​សាកសព​ទន្សោង​ដែល​បាន​ងាប់​កាលពី​ថ្ងៃទី​២៤ ខែឧសភា​កន្លងទៅ​។

​លោក នេ​ត ភក្ត្រា បញ្ជាក់ថា នេះ​ជាស​ត្វ​ទន្សោង​ទី​៦ ហើយ​ដែល​ងាប់​នៅក្នុង​ព្រៃ​សហគ មន៍​សង្ឃ​រុក្ខ​វ័ន​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ​។ សត្វ​ទន្សោង​ទី​៥ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃទី​២៤ ខែឧសភា និង​បាន​ស្លាប់​ដោយ​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​ក្រោយពី​ការខិតខំ​ជួយសង្គ្រោះ​ជីវិត​សត្វ​ទន្សោង​នេះ​ពី​ពេទ្យសត្វ​ខណៈ​ទន្សោង​ញី​ឈ្មោល​ផ្សេងទៀត​ចំនួន ៤ ក្បាល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់ និង​ដោយសារ​អន្ទាក់​ឆក់​កាលពីដើមឆ្នាំ ២០២០​។

​លោក​បន្តថា ចាប់តាំងពី​ខែមករា​ដល់​ខែមិថុនា​នេះ សត្វ​ទន្សោង​យ៉ាងហោច​ចំនួន​១០ ក្បាល​ហើយ​ដែល​បាន​រកឃើញថា ងាប់​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែល​ក្នុងនោះ​១​ក្បាល​រកឃើញ​ងាប់​ដោយ​ជាប់អន្ទាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ ៦​ក្បាល​ងាប់​ដោយ​ជាប់អន្ទាក់​និង​បាញ់​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​២​ក្បាល​ក្នុង​តំបន់​ជាប់​នឹង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​ដោយសារ​ការបាញ់ សម្លាប់ និង​កូន​ទន្សោង​ញី​១​ក្បាល​រកឃើញ​ស្លាប់​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ខេត្តមណ្ឌលគិរី​ដោយសារតែ​ជាប់អន្ទាក់​។

​ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា​តាម​របាយការណ៍​សិក្សារ​បាយ​ប្រជាជន​សត្វ​ទន្សោង នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចន្លោះ​ពី ២៧០០ ទៅ ៥៧០០ ក្បាល​។ ចំនួន​នេះ​បានធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​កន្លែង​ដែលមាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​សត្វ​ទន្សោង​ សរុប​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន​ស្មានថា​មាន​ចន្លោះ​ពី ៥៩០០ ទៅ ១១០០០ ក្បាល​តែប៉ុណ្ណោះ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post