header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងវប្បធម៌បានអះអាងនៅថ្ងៃទី២៤ខែមិថុនានេះថា ផ្ទះសសរ១០០ គ្រាន់តែមានការរុះរើដើម្បីសាងសង់ឡើងវិញឱ្យក្លាយទៅជាសារមន្ទីរ និងជាមរតកបុរាណខ្មែរដ៏មានតម្លៃបំផុត។​

ការអះអាងនេះ ធ្វើឡើងនៅក្នុងលិខិតបំភ្លឺរបស់ក្រសួងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ផ្ទះសសរ១០០ ដែលត្រូវបានគេសាងសង់ឡើងតាមរចនាបថបែបខ្មែរសុទ្ធសាធ ត្រូវបានគេរុះរើដោយគ្មានការស្រណោះ ដើម្បីយកទីតាំងសាងសង់លំនៅដ្ឋានថ្មី ដោយសារតែគ្មានការយកចិត្តទុកដាក់អភិរក្សសំណង់បុរាណពីអាជ្ញាធរខេត្តនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ក្រសួងវប្បធម៌បានបកស្រាយថា ផ្ទះសសរ១០០នេះ ត្រូវបានម្ចាស់ស្នើសុំមកក្រសួងដើម្បីរុះរើយកទីតាំងសាងសង់លំនៅដ្ឋានថ្មីចែកកូនចៅ ហើយដើម្បីការពារសំណង់បុរាណនេះរងការខូចខាតនិងបំផ្លាញ លោក ស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានចុះទៅសម្របសម្រួលជាមួយម្ចាស់ដើម្បីសុំទិញយកផ្ទះនេះជាច្រើនលើក ទម្រាំម្ចាស់ផ្ទះយល់ព្រមនៅថ្ងៃទី៥ឧសភាកន្លងទៅនេះ។

នៅពេលក្រសួងកំពុងស្វែងរកថវិកា ខាងម្ចាស់ផ្ទះបានរំអុកឲ្យក្រសួងរុះរើជាបន្ទាន់ បើមិនដូច្នោះទេ គាត់នឹងប្ដូរចិត្តមិនប្រគល់ផ្ទះនេះឲ្យទៅក្រសួងថែរក្សាឡើយ ទើបក្រសួងសម្រេចស្វែងរកជាងទៅរុះរើថ្វីត្បិតកំពុងស្ថិតក្នុងរដូវវស្សាក៏ដោយ។

សេចក្ដីបំភ្លឺបញ្ជាក់ទៀតថា ការរុះរើផ្ទះសសរ១០០នោះ គឺមិនមែនជាបំផ្លាញចោលឡើយ ប៉ុន្តែជាការរុះរើមួយដែលមានការត្រួតពិនិត្យហ្មត់ចត់ ហើយមានការពិគ្រោះយោបល់ជាមួយក្រុមបុរាណវិទូ ស្ថាបត្យករ និងវិស្វករជំនាញរបស់ក្រសួងសួងវប្បធម៌ ដើម្បីបញ្ចៀសការខូចខាតគ្រឿងឈើឱ្យបានតិចតួចបំផុត។

ក្រសួងបញ្ជាក់ថា ផ្ទះសរសរ១០០នេះ នឹងត្រូវសាងសង់និងជួសជុលឡើងវិញនៅបរិវេណវត្តរកាស្ថិតនៅទីរួមខេត្តក្រចេះ ដែលជាទីតាំងសំណង់វត្ថុបុរាណដ៏ល្បីល្បាញរបស់ខេត្តនិងថ្នាក់ជាតិ ដើម្បីប្រែក្លាយទៅជាសារមន្ទីរ និងជាមរតកសំណង់បុរាណខ្មែរដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ៕

ពេលរុះរើ
មុនពេលរុះរើ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post