header ads

Sponsor

កោះកុងក្រៅ

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

កាលពីថ្ងៃម្សិលមិញក្រសួងបរិស្ថានបានចេញប្រកាសព័ត៌មានមួយ បង្ហាញការសោកស្តាយចំពោះក្រុមជនដែលនាំគ្នាជិះកង់ធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាល ប្រកាសដាក់តំបន់កោះកុងក្រៅជាតំបន់ការពារ។ ក្រសួងបានហៅក្រុមយុវជនទាំងនេះ ថាយកឈ្មោះជាអ្នកការពារបរិស្ថាន គ្រាន់តែធ្វើជាលេស ដើម្បីបិទបាំងឧបាយកលនយោបាយទុច្ចរិត ដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។

ក្រសួងបរិស្ថានបញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅនេះរួចហើយ ដោយបានបញ្ជូនក្រុមមន្ត្រីជំនាញ ចុះសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងប្រមូលទិន្នន័យផ្សេងៗទាក់ទងនឹងកោះនេះ តាំងពីឆ្នាំ២០១៦ ដើម្បីដាក់ជាតំបន់«ឧទ្យានជាតិសមុទ្រ» ព្រោះតំបន់នេះសម្បូណ៍សក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត។

ក្រសួងបញ្ជាក់ទៀតថា នៅក្នុងគម្រោងផែនការ តំបន់កោះកុងក្រៅនេះ នឹងត្រូវប្រកាសជា«ឧទ្យានជាតិសមុទ្រ»អំឡុងឆ្នាំ ២០២១ ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។

ការប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននេះ គឺបន្ទាប់ពីក្រុមប៉ូលិសអធិការស្រុកកោះកុងខេត្តកោះកុង បានចាប់យកកង់របស់ក្រុមយុវជន​ដែលគ្នាប្រហែល១០នាក់ ខណៈពួកគេកំពុងជិះកង់ធ្វើយុទ្ធនាការពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជូនសម្តេចហ៊ុនសែនឲ្យជួយសង្គ្រោះកោះកុងក្រៅ​ និងឲ្យបញ្ចូលតំបន់កោះកុងក្រៅជាតំបន់ការពារ។

ក្រុមយុវជន បានចាត់ទុកកោះ​កុង​ក្រៅ ​ជា​កោះ​ធំ​បំផុត​របស់​កម្ពុជា ដែលត្រូវតែដាក់​ជា​តំបន់​ឧទ្យាន​ជាតិ​ដើម្បី​ការ​ពារ​តំបន់​ឆ្នេរ​ ​សត្វ​ព្រៃ ​និ​ង​​ព្រៃ​ឈើ ​ខណៈ​ពួក​គេ​ព្រួយ​បារម្ភ​ថា​ កោះ​ធម្ម​ជាតិ​ដែល​មាន​ទំហំ​ ១០៣​ គីឡូ​ម៉ែត្រ​ក្រឡា​ និង​ពុំ​សូវ​មាន​អ្នក​ស្គាល់​នេះ​ នឹង​អាច​រង​ការ​បំផ្លាញ​។​​​​

កោះ​កុង​ក្រៅ ​គឺ​ជា​កោះ​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​ មាន​ឆ្នេរ​ខ្សាច់​សក្បុស មាន​ទឹក​សមុទ្រ​ខៀវ​ថ្លា​ដូច​កញ្ចក់​ ​មាន​ជីវ​​ចម្រុះ​និង​ស​ត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ​និង​មាន​ព្រៃ​ឈើក្រាស់​ៗ ​ដែល​ធ្វើ​ឲ្យ​​តំបន់​នេះ​កំពុង​ស្ថិត​ក្នុង​ក្ដី​ស្រ​មៃរបស់​អ្នកទេស​ចរ​ចង់​មក​ទស្សនា។​

​កោះ​កុង​ក្រៅ​ គឺស្ថិត​នៅ​ឃុំ​ជ្រោយ​ប្រស់ ​ស្រុក​កោះ​កុង ​ខេត្ត​កោះកុង​ ​គឺ​ជា​តំបន់​គ្មាន​ការ​អភិ​វឌ្ឍសំណង់​អគារ​រ​ញ៉េរញ៉ៃ ​គ្មាន​គំនរ​សំរាម ​និង​គ្មាន​ទឹក​ស្អុយ​ហូរ​ចូល​សមុទ្រ​ឡើយ ប៉ុន្តែ​កោះ​នេះ​កំពុង​សំងំលាក់​ខ្លួន​ ​ដោយ​សារ​មិន​សូវមាន​ពល​រដ្ឋ​ស្គាល់​ និង​មក​លេង​កម្សាន្ត​ច្រើន​ឡើយ និង​សឹង​តែ​គ្មាន​អ្នក​រស់​នៅ​ ​ដែល​ជា​​ក្ដី​ព្រួយ​បារម្ភ​មួយ​ អាច​ធ្វើ​ឲ្យ​​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​កោះ​នេះ អាច​ត្រូវ​បំផ្លាញ៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post