header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

តាមការធ្វើជំរឿនសត្វត្រយង របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី១០ ខែមិថុនា បានបង្ហាញថា កម្ពុជា មានសត្វត្រយងប្រមាណ៩០០ ក្បាល ក្នុងនោះសត្វត្រយងយក្សមាន ៣០០ក្បាល ស្មើនឹង៩៩% លើពិភពលោក និងត្រយងចង្កំកសមានចំនួនជិត ៦០០ ក្បាល ស្មើនឹង ៩៥%លើពិភព។

លោក នេត្រ ភក្រ្តា លើកឡើងថា នៅឆ្នាំ ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ជានិមិត្តសញ្ញាសត្វស្លាបជាតិរបស់កម្ពុជា ខណៈសត្វនេះកំពុងរងគ្រោះជិតផុតពូជ និងត្រូវបានការពារដោយច្បាប់នៃប្រទេសកម្ពុជា។

លោកបន្តថា ជាការការពារ និងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកស សមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់តឹងរឹងបំផុត ដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងការទាក់ទាញភ្ញៀវទេសចរផង។

ជាមួយគ្នានេះ លោក នេត្រ ភក្រ្តា បញ្ជាក់ថា អង្គការសង្រ្គោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយង។

គម្រោងនេះ រៀបចំឡើងដើម្បីលើកទឹកដល់កសិករឲ្យងាកមកប្រកបមុខរបបកសិកម្មផលិតស្រូវផ្គត់ផ្គង់ជីវភាពគ្រួសារវិញ ដើម្បីឈានទៅដល់ការលុបបំបាត់នូវការបរបាញ់សត្វ និងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

លោក កែន សេរីរដ្ឋា ប្រធាន WCS បានគូសបញ្ជាក់ថា បច្ចុប្បន្នពលរដ្ឋផលិតស្រូវត្រយ៉ងបានប្រមាណពី ៣៩ តោន ដល់ ១២០០ តោន ក្នុងឆ្នាំ ២០១៩ ខណៈឆ្នាំ ២០២០ រំពឹងថានឹងបាន ២០០តោន ហើយសព្វថ្ងៃស្រូវត្រយ៉ង បាននាំចេញទៅកាន់ប្រទេសសិង្ហបុរី អាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក និងទីក្រុងហុងកុង ហើយនៅឆ្នាំ ២០២១ គ្រោងនឹងនាំចេញទៅប្រទេសអង់គ្លេស និងអូស្ត្រាលីបន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post