header ads

Sponsor

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជាច្រានចោលព័ត៌មានវៀតណាមទាំងស្រុង ដែលចុះផ្សាយថា មានករណីបុរសជនជាតិវៀតណាម អាយុ ១៨ឆ្នាំម្នាក់ ជាអ្នកជំងឺកូវីដ១៩ ធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាមតាមច្រកទ្វារ ថុងហ្វុក( Thuong Phuon) ។

នេះជាលើកទីពីរហើយ ដែលក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយស្នើសុំឲ្យភាគីវៀតណាមគោរពតាមគោលការណ៍បច្ចេកទេសអន្តរជាតិ ដើម្បីកុំឱ្យមានការចុះផ្សាយតាមសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កម្ពុជា ជុំវិញរឿងកូវីដ១៩។

សារព័ត៌មានវៀតណាម Luatvenam ក្នុងសប្តាហ៍នេះ បានចុះផ្សាយដោយផ្អែកតាមក្រសួងសុខាភិបាលវៀតណាមថា មានយុវជនវៀតណាមវ័យ ១៨ ឆ្នាំ បានធ្វើដំណើរចេញពីកម្ពុជាកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយដាក់ឲ្យព្យាបាលនៅមណ្ឌលសុខភាព ង្វានហុងងឺ (Huyen Hong Ngu Health Center) នៅថ្ងៃទី ៧ ខែមិថុនាឆ្នាំ២០២០។

សម្រាប់ក្រសួងសុខាភិបាលកម្ពុជា ដំណឹងនេះ គឺរឿងមិនពិតឡើយ ដោយក្រសួងអះអាង​ថា ដល់ពេលនេះ កម្ពុជាមិនទាន់មានរបាយការណ៍ជាផ្លូវការណាមួយជុំវិញរឿងនេះ ពី​អា​ជ្ញា​​​ធរសុខាភិបាលវៀតណាមតាមប្រព័ន្ធរាយការណ៍ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺកូវីដ១៩ ក្នុងបណ្ដាប្រទេសអាស៊ានឡើយ។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ១១ មិថុនា បញ្ជាក់ច្បាស់ថា ជនជាតិវៀតណាមវ័យ ១៨ ឆ្នាំរូបនោះ គឺឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសវៀតណាមតែម្ដង មិនមែនឆ្លងនៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះយុវជននេះមិនបានរស់នៅកម្ពុជាឡើយ ដោយលោករស់នៅឃុំថុងហ្វុក Thuong Phuon ស្រុកហ្វៀនហុងងឺ Hong Ngu ខេត្ត​ដុងថាប់ Dong Thap ក្នុងប្រទេសវៀតណាម ដែលជាខេត្តមានព្រំប្រទល់ជាមួយខេត្តព្រៃវែង។

សូមរម្លឹកថា កាលពីថ្ងៃទី១៦ ខែឧសភា កន្លងទៅ ក៏មានសារព័ត៌មានវៀតណាម​ VN Express​ បានចេញផ្សាយថា បុរសជនជាតិវៀតណាម អាយុ ៣៩ម្នាក់បានឆ្លងជំងឺ​កូវីដ​១៩ បន្ទាប់ពីធ្វើដំណើរចេញពីខេត្តសៀមរាបត្រឡប់ទៅដល់ប្រទេសវៀតណាមវិញ។ នៅថ្ងៃទី ១៨ ខែឧសភា ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធ និងចាត់ទុកការផ្សព្វផ្សាយនេះថា ជាព័ត៌មានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងប្រយុទ្ធនឹងជំងឆ្លងកូវីដ១៩ ដែរ៕

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post