
សុខភាព
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ បន្ទាប់ពីមានខេត្តមួយចំនួនបានលួចលាក់បើក សេវាកម្មខារ៉ាអូខេ លោក ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាន៍ថា សេវាកម្មខារ៉ាអូខេ នៅមិនទាន់អាចបើកឡើងវិញបាននៅឡើយទេ ដោយសារសេវាកម្មនេះមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈជំងឺកូវីដ១៩នៅមិនទាន់មានភាពធូរស្បើយនៅឡើយ។
ក្នុងឱកាសដាក់ឲ្យដំណើរការកម្មវិធីសុខភាពវ័យឆ្លាត នៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា «ខ្ញុំបានសរសេរលិខិតមួយជួនអាជ្ញាធរមូលដ្ឋាន ដោយធ្វើយ៉ាងម៉េចកុំអាលឲ្យបើកសេវាកម្មខារ៉ាអូខេ ព្រោះថា ខារ៉ាអូខេមានបន្ទប់ជិត និងមានស្រែកច្រៀងឮជាមួយគ្នា បើមានវីរុសជំងឺកូវីដ១៩ឆ្លងពេញបន្ទប់តែម្តង សូមរង់ចាំឲ្យជំងឺនេះស្រាកសិន ឬក៏អស់កូវីដទៅចាំយើងបើកខារ៉ាអូខេឡើងវិញ»។

លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា «យើងចង់បើកឡើងវិញទាំងអស់ ប៉ុន្តែអាកូវីដវាធ្វើបាបយើង បើអត់មានកូវីដយើងបើកវិញជាធម្មតាហើយ»។
ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រីបានស្នើឲ្យអភិបាលរាជធានីខេត្ត ទាំងអស់ត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងមិនត្រូវអនុញ្ញាតឲ្យមានបើកសេវាកម្មខារ៉ាអូខេ នៅតាមមូលដ្ឋានរបស់ខ្លួនឡើយ ខណៈបច្ចុប្បន្ននេះមានកន្លែងខ្លះបានលួចលាក់បើកសេវាកម្មខារ៉ាអូខេដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩។