header ads

Sponsor




អាជ្ញាធរនៅរដ្ឋធានីប៉េកាំងបានដាក់បំរាមការធ្វើទេសចរណ៍ ហើយបានបិទតំបន់រស់ នៅរបស់ប្រជាជនចំនួន១១​កន្លែង និងបិទផ្សារធំៗលក់បោះដុំ៦កន្លែងទៀត ចាប់​ពី​ថ្ងៃ​សៅរ៍ទី១៣មិថុនានេះ ដើម្បីទប់ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

វិធានទាំងនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ជា​ចង្កោម​ថ្មីមួយ នៅ​ក្នុង​ផ្សារ​លក់​បោះ​ដុំ​ដ៏​ធំ​មួយនៅក្នុងទីក្រុងប៉េកាំង ដែល​បង្ក​ឱ្យ​មាន​ការភ័យ​ព្រួយ​អំពី​ការ​កើត​ឡើង​រលក​ថ្មី​នៃ​ការ​ឆ្លង​រាល​ដាល​នៅ​ក្នុង​ប្រទេស​ចិន​ឡើង​វិញ​។

លោក Chu Junwei មន្រ្តីម្នាក់នៅខណ្ឌFengtaiដែលស្ថិតនៅភាគនិរតីទីក្រុងប៉េកាំង បានប្រាប់សន្និសីទ​កា​សែត​មួយថា ខណ្ឌFengtaiត្រូវបានដាក់ក្នុងភាពអាសន្ន បន្ទាប់​ពីមានមនុស្សចំនួន៤៥នាក់ក្នុង​ចំណោម​៥១៧​នាក់​ដែល​ត្រូវ​បានធ្វើតេស្តនៅឯផ្សារ​លក់បោះដុំឈ្មោះ Xinfadi មានវិជ្ជមានជំងឺកូវីដ១៩ ថ្វីត្បិតគ្មាន​នរណា​ម្នាក់​បាន​បង្ហាញរោគសញ្ញាក្ដី។

អ្នកនាំពាក្យទីក្រុងប៉េកាំងក៏បានលើកឡើងថា អ្នកជំងឺកូវីដ១៩ចំនួន៦នាក់ ត្រូវបានគេ​រាយ​ការណ៍​នៅ​ក្នុង​ទី​ក្រុង​ប៉េ​កាំង​កាលពីថ្ងៃសុក្រ បន្ទាប់អ្នកទាំងនោះបានធ្វើដំណើរ​ទៅ​កាន់ផ្សារXinfadi ។ មន្រ្តីនេះបន្តថា ទីក្រុង​បាន​ផ្អាក​ព្រឹត្តិការណ៍កីឡានានា ការធ្វើទេស​ចរណ៍​ឆ្លងខេត្ត ហើយ​ក្នុ​ង​នោះ​សាលា​រៀន​និង​សាលា​មត្តេយ្យ​ជិត​៩​កន្លែង​ក៏​ត្រូវ​បាន​បិទ​។

មន្រ្តីចិនបានបញ្ជាក់ថាដែរថា ក្រៅពីមានមនុស្សត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះ អាជ្ញាធរ​ក៏​បាន​រក​ឃើញ​វីរុស​នេះ​ស្ថិតនៅលើក្ដារបន្ទះសម្រាប់កាប់សាច់មួយ ដែលត្រូវបានគេប្រើសម្រាប់ធ្វើត្រីសាម៉ុនដែលបាន​នាំ​ចូល​មក​ក្នុង​ផ្សារXinfadi ខណៈ​ផ្សារនេះត្រូវបានគេដឹងថា ជាកន្លែងផ្គត់ផ្គង់បន្លែនិងផ្លែឈើប្រហែល​៩០​%​នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង។

ការរកឃើញករណីឆ្លងជាចង្កោមនៅទីក្រុងប៉េកាំងនេះ បាននាំឱ្យមានការព្រួយបារម្ភ​អំពី​ការ​កើតឡើងរលកទី២​នៃ​ឆ្លង​ជំងឺ​កូវីដ​១៩នៅក្នុងប្រទេសចិន ខណៈប្រទេស​ជា​ច្រើន​ហាក់ចាប់ផ្ដើមទប់ស្កាត់បាន​ការរីក​រាល​ដាល​ជំងឺ​នេះ​។

ជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅឯទីផ្សារអាហារសមុទ្រមួយ នៅ​ទី​ក្រុងវ៉ូហានខេត្តហ៊ូប៉ី​ភាគ​កណ្តាល​របស់​ប្រទេសចិនកាលពីខែធ្នូ មុនវាបានរាលដាលនៅ​ទូ​ទាំង​ពិភពលោក។

មន្រ្តីនៅមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺ(CDC)នៅទីក្រុងប៉េកាំងបាននិយាយថា តាមការការ​វិនិ​ច្ឆ័យ​បឋមបង្ហាញ​ថា ករណី​ឆ្លងទាំងនេះ អាចមានទំនាក់ទំនងជាមួយបរិស្ថានដែល​មាន​ភាពកខ្វក់នៅក្នុងទីផ្សារ ឬត្រូវបានឆ្លងបន្ទាប់​ពីមានទំនាក់ទំនងជាមួយ​មនុស្ស​ដែល​ឆ្លង៕
ផ្ដល់សិទ្ធិដោយ khmernas 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post