
ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ កម្ពុជា បាននាំពោតក្រហមទៅក្រៅប្រទេសថយចុះ ២៩,៦៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន នៅលើទំព័ហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ នេះ។ លោករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងនេះថា៖« ក្នុងរយៈពេល ៥ ខែក្នុង ឆ្នាំ ២០២០ សម្រេចបានត្រឹមតែ ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩ តោន »។

យ៉ាងក៏ដោយ លោករដ្ឋមន្រ្តីកសិកម្ម បានអះអាងថា បើទោះបីការនាំចេញទៅក្រៅប្រទេសមានការថយចុះក្តី ក៏ប៉ុន្តែការផលិតពោតក្រហមរបស់កសិករកម្ពុជាវិញ មានការកើនឡើងជាលំដាប់ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ។ លោក វេង សាខុន បានពន្យល់ថា នៅឆ្នាំ២០១៩ កម្ពុជាសម្រេចបាន ១ ១១៤ ៩៥៦ តោន, នៅឆ្នាំ២០១៨ សម្រេចបាន ១ ០៦៣ ៦៧៧ តោន, នៅឆ្នាំ២០១៧ សម្រេចបាន ៥៩៦ ១១២ តោន និង នៅឆ្នាំ២០១៦ កម្ពជាផលិតបាន ៣៣៣ ០៥៨ តោន ។

បើតាមលោករដ្ឋមន្រ្តី បរិមាណពោតក្រហមដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានដឹកចូលទៅកាន់រោងចក្រកែច្នៃចំណីសត្វក្នុងស្រុក ដើម្បីជំរុញការកែច្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជាក្នុងការដំឡើងពន្ធនាំចូលពោតក្រហមពីខាងក្រៅមកកែច្នៃនៅកម្ពុជា។

សូមរម្លឹកថា លទ្ធផលនៃការនាំពោតក្រហមចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្រៅតំបន់អាស៊ី កាលពី ឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញពោតក្រហមបាន ២០៤ ១៨៤ តោន, នៅឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ១១៩ ៩៩៣ តោន ប៉ុណ្ណោះ៕

