header ads

Sponsor

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

អណ្តើកហ្លួងញីមួយឈ្មោលមួយក្បាល ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យក្រសួងបរិស្ថានយកទៅអភិរក្ស ក្រោយពីបានទទួលទិញពីអ្នកនេសាទខុសច្បាប់នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្រសួងបរិស្ថាន បានធ្វើពិធីប្រគល់សត្វអណ្តើហ្លួង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០នេះ ដោយមានការចូលរួមរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា អណ្តើកហ្លួងទាំង២ក្បាលនេះ ត្រូវប្រគល់បន្តទៅឲ្យអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ហៅកាត់ WCS ដើម្បីអភិរក្ស។

លោក នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងនេះថា៖«បច្ចុប្បន្នអណ្តើកនេះ នៅសល់មិនដល់ ៥០០ ក្បាលទេ នៅកម្ពុជា ខណៈប្រទេសថៃ និងវៀតណាមបានដាច់ពូជកាលពីប៉ុន្មានឆ្នាំមុន។ ការបញ្ឈប់ការបរិភោគសត្វព្រៃរបស់ប្រជាពលរដ្ឋ នឹងបញ្ចប់បាននូវការបរបាញ់ និងការជួញដូរខុសច្បាប់»។

ជាមួយគ្នានេះ លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជាWCS បានលើកឡើងថា អណ្តើកហ្លួងទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ ហើយអណ្ដើកហ្លួងញីអាចមានទំហំរហូតដល់៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩ សង់ទីម៉ែត្រ។

មន្ត្រីគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានឱ្យដឹងទៀតថា បច្ចុប្បន្ន មានកូនអណ្តើកហ្លួងចំនួន៤៥០ក្បាល ដែលបានចិញ្ចឹមក្នុងមជ្ឈមណ្ឌលសង្គ្រោះ និងអភិរក្សសត្វល្មូនក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ចំនួន ៨៦ក្បាលទៀត ត្រូវបានប្រលែងឱ្យទៅរស់នៅតាមបែបធម្មជាតិ។

អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។

អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post