header ads

Sponsor

ដើមកោងកាងសំបកក្រហម

បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ដើមកោងកាងសំបកក្រហម ភាគច្រើនដុះនៅតំបន់មាត់សមុទ្រ ដែលមានទឹកប្រៃ ប៉ុន្តែពេលនេះ យើងឃើញមានដុះនៅក្នុងខេត្តសៀមរាប ដែលជាទឹកដីដ៏សំខាន់របស់កម្ពុជា គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។ដើមកោងកាងសំបកក្រហមបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ខេត្តសៀមរាប។

ពពួករុក្ខាជាតិទាំងនេះ ដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្រៀតគ្នាជាសហគមន៍ សំបកឆ្នូតៗក្រហមព្រឿងស្រោបដើមពីគល់រហូតដល់មែកដូចគេផាត់ពណ៌យ៉ាងស្រស់ឆើតឆាយល្អប្លែកនេត្រា ស្លឹកស្រួចត្រវែងពណ៌បៃតងចាស់ ប្រក់ពីលើដើមអាត្មាបានជាម្លក់ត្រឈឹងត្រឈៃ គួរជាទីរមណីយសម្រាប់ការដើរទស្សនារបស់ភ្ញៀវទេសចរ។

លោក ឌឿម ឌុន ប្រធានសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បានឲ្យដឹងថា នៅរដូវវស្សាមានទឹកជំនន់ជន់ហូរកាត់តំបន់ព្រៃអភិរក្សនេះ ពិសេសគឺចំតំបន់ដែលមានព្រៃកោងកាងនេះតែម្ដង ។ ចំណែកនៅរដូវប្រាំងវិញ ដីមានសភាពសើម ដែលអាចឱ្យព្រៃឈើបន្តការលូតលាស់ល្អបាន ក្នុងនោះ មានដើមឈើចម្រុះជាច្រើនរយប្រភេទ ដែលមានទាំងដើមឈើដុះនៅលើគោក និងដើមឈើទឹក ហើយលក្ខណៈពិសេសរបស់ដើមឈើទឹកនេះ ភាគច្រើនគឺដុះចែកតំបន់ចែកពួករៀងៗខ្លួន ដូចជា ភ្ញៀវទឹក ព្រីង ផ្អុង ស្មាច់ កោងកាងនេះជាដើម។

លោកបន្ថែមថា ក្នុងព្រៃសហគមន៍បច្ចុប្បន្ននៅមានជ្រូកព្រៃ ឈ្នូស ក្ដាន់ញែង ស្វា ទោច មាន់ព្រៃ អូត ទីទុយ ក្លែងស្រាក ពស់ និងប្រភេទសត្វចតុបាទ ល្មូន និងសត្វស្លាបជាច្រើនប្រភេទទៀត ខណៈមកដល់បច្ចុប្បន្នប្រជាពលរដ្ឋលែងចូលបរបាញ់សត្វ ដាក់អន្ទាក់ ឬកាប់បំផ្លាញព្រៃឈើទៀតហើយ ដោយពួកគាត់កាន់តែមានការយល់ដឹងពីសារប្រយោជន៍របស់ព្រៃឈើ និងសត្វព្រៃ។ ពួកគាត់គ្រាន់តែទាញយកអនុផលព្រៃឈើខ្លះៗ ដូចជា បេះគុយ រំដួល ព្រីង ឬបេះផ្សិតជាដើម ។

សូមបញ្ជាក់ថា ភាពខុសគ្នារបស់ដើមកោងកាងទឹកប្រៃ និងដើមកោងកាងនៅសៀមរាបគឺ ដើមកោងកាងនៅសៀមរាប មានកម្ពស់ចាប់ពី ៨-១០ម៉ែត្រ ដែលខ្ពស់ជាងដើមកោងកាងនៅមាត់សមុទ្រ រីឯស្លឹកវិញក៏រាងត្រវែងជាងដើមកោងកាងនៅសមុទ្រ ចំណែកឫសរបស់វាវិញ ដុះចេញពីតួដើមខ្ពស់ជាង វែងជាង និងច្រើនជាងផងដែរ។ សម្បុរដើមក៏មានពណ៌ក្រហមព្រឿងខុសពីដើមកោងកាងនៅមាត់សមុទ្រ ដែលមានពណ៌សម្បុរសពព្រុសផ្អុចៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post