header ads

Sponsor

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សន្យាធ្វើឱ្យតម្លៃជ្រូកធ្លាក់មកត្រឹម១២,០០០រៀលក្នុងមួយគីឡូក្រាម នៅសប្ដាហ៍ក្រោយ ដើម្បីដល់លទ្ធភាពអ្នកបរិភោគនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគម កាលពីថ្ងៃទី១២ មិថុនា។

បច្ចុប្បន្នតម្លៃជ្រូករស់ មានតម្លៃពី១៣,២០០រៀល ទៅ១៤,០០០រៀលក្នុងមួយគីឡូក្រាម ខណៈពលរដ្ឋកំពុងប្រឈមនឹងការធ្លាក់ចុះចំណូល ដោយសារបញ្ហាវិបត្តិជំងឺកូវីដ១៩។ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងព្យាយាមទម្លាក់តម្លៃជ្រូក ដើម្បីជួយដោះស្រាយបញ្ហាលំបាកពលរដ្ឋ។

សេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ដូច្នេះថា៖« ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កុំឱ្យតម្លៃជ្រូករស់ខ្ពស់ពេក ធ្វើឱ្យផលប៉ះពាល់ដល់អ្នកបរិភោគ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងខិតខំរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់មកនៅ១២,០០០រៀលក្នុងមួយគីឡូក្រាម នៅសប្ដាហ៍ក្រោយ»។

សារព័ត៌មានខ្មែរណាស់ មិនទាន់អាចទាក់ទងលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីលម្អិតបន្ថែមបានឡើយ នៅថ្ងៃទី១៣ មិថុនានេះ។

កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការកាត់បន្ថយការនាំចូលជ្រូកពីបរទេស ដើម្បីធ្វើឱ្យកសិករ និងក្រុមហ៊ុនចិញ្ចឹមសត្វ ជាពិសេសការចិញ្ចឹមជ្រូកមានសន្ទុះ និងទឹកចិត្តចិញ្ចឹមឡើងវិញ ដោយសារតម្លៃជ្រូកកើនឡើងខ្ពស់ជាមុន។ប្រការនេះ ក៏បានធ្វើឱ្យផលិតផលកសិករ ក្រុមហ៊ុន និងសមាគមចិញ្ចឹមសត្វកម្ពុជា អាចមានលទ្ធភាពប្រកួតប្រជែងទីផ្សារបាន និងបង្កើតការងារដល់ប្រជាជន រួមទាំងកាត់បន្ថយការចំណាកស្រុកជាដើម។

កម្ពុជាបានចំណាយប្រាក់ជាង៤០០លានដុល្លារក្នុងមួយឆ្នាំក្នុងនាំចូលជ្រូកមកកម្ពុជា ។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានកាត់បន្ថយការនាំចូលពីជាង១ម៉ឺនក្បាល មកត្រឹមជាង៥ពាន់ក្បាល ក្រោយពីក្រសួងកសិកម្មចេញវិធានការរឹតបន្តឹងការនាំចូល។ នេះបើតាមរបាយការណ៍សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាកន្លងមក។

លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ថ្លែងក្នុងសន្និសីទកាសែតស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជាកន្លងមកថា កម្ពុជាអាចនឹងលែងនាំចូលទាំងស្រុង ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខ ប្រសិនបើគ្មានជួបបញ្ហាជំងឺរាតត្បាត ប៉ះពាល់ដល់ការចិញ្ចឹមសត្វទេនោះ។

កន្លងមកក្រសួងកសិកម្មបានសម្រេចបិទការនាំចូលសត្វទៅខេត្តព្រះសីហនុ ដើម្បីឲ្យសហគមន៍ចិញ្ចឹមសត្វ ក៏ដូចជាកន្លែងចិញ្ចឹមសត្វធំៗ អាចផ្គត់ផ្គង់នៅទីនោះបានផងដែរ។ នៅខេត្តព្រះសីហនុ មានតម្រូវការនាំចូលជ្រូក១៤០ក្បាលក្នុង១ថ្ងៃ។នេះបើតាមលោក តាន់ សុផាន់ណារ៉ា។

កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងមក សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្ថែម ចិញ្ចឹមត្រី និងសត្វ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពនៅក្នុងអំឡុងពេលជំងឺកូវីដ១៩រាតត្បាតនេះផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post