header ads

Sponsor

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ទប់ស្កាត់ការនាំបន្លែគីមីពុលចូលកម្ពុជា។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ឧសភា ដែលត្រូវបានរដ្ឋបាលខេត្តបាត់ដំបងយកមកផ្សព្វផ្សាយលើហ្វេសប៊ុក។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងលិខិតថា៖« រដ្ឋបាលខេត្តជាប់ព្រំដែន ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រកទ្វារព្រំដែនទាំងអស់ ដែលស្ថិតនៅដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវពង្រឹងការត្រួតពិនិត្យបន្ថែមទៀត ដើម្បីទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើ មានជាតិគីមីពុល និងទំនិញខូចគុណភាព សំដៅការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ»។

សំណើរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំឱ្យក្រសួងមហាផ្ទៃ អន្តរាគមន៍ទប់ស្កាត់ករណីនាំចូលបន្លែ-ឈើ គីមីនេះ។

កន្លងមកក្រុមអ្នកជំនាញកសិកម្ម ក៏ធ្លាប់ស្នើឱ្យរដ្ឋាភិបាលទប់ស្កាត់ការនាំចូលបន្លែ ផ្លែឈើ ពីខាងក្រៅមកដែរ ខណៈដែលកសិផលដែលនាំចូលមកទាំងនោះ ភាគច្រើនមានផ្ទុកសារធាតុគីមីខ្ពស់។ ក្រុមអ្នកជំនាញក៏ស្នើឱ្យពលរដ្ឋ ងាកមកគាំទ្រកសិផលសរីរាង្គវិញដែរ ព្រោះវាមិនមានហានិភ័យដូចផលិតផលគីមីទេ។

កម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេស ជាពិសេស វៀតណាម និងថៃ ប្រមាណ៤០០តោនក្នុងមួយថ្ងៃ ជាង ១៤ម៉ឺនតោនក្នុងមួយឆ្នាំៗ ដែលគិតជាទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារឯណោះ។ នេះបើតាមការសិក្សាពីក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយកន្លងមក៕

ផ្ដល់សិទ្ធិដោយ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post