សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចចម្រុះ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផ​លក្លែងក្លាយ (គ.ប.ផ.ក.) បានធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងស​ណ្តែកយីហោឈ្មោះ​ ថុន ណាត ស្ថិតនៅក្នុងភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពីដើមខែកក្កដាកន្លងទៅ ហើយសំណុំរឿងនេះ ត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងតំណាងអយ្យការអម​សាលាដំបូង​ខេត្តក​ណ្តាល បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ក្រោយពីបានពិនិត្យសំ​ណុំ​រឿងករណីក្លែងផលិតផលទំនិញ (លីងកាហ្វេនិងសណ្តែកផ្សំសារធាតុគីមី) នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០។ នេះបើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល​ក្លែងក្លាយ​ផ្តល់ព័ត៌មានដល់សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី ២០ ខែកក្កដា។

ម្ចាស់សិប្បកម្មឈ្មោះ ថុន ណាត និងលួត លាង បានធ្វើសកម្មភាពលីងកាហ្វេ និងស​ណ្តែកលាយផ្សំដោយសារធាតុគីមីខុសច្បាប់ រួចហើយយកទៅលក់ទីផ្សារកម្ពុជា ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព។

 ម្ចាស់សិប្បកម្មរូបនេះ បានឲ្យដឹងថា ខ្លួនបានបើកអាជីវកម្មនេះរយៈពេល២ឆ្នាំមក​ហើយ ដោយចេះរូបមន្តផ្សំតពីគេ និងវត្ថុធាតុដើមគ្រាប់កាហ្វេនាំយកមកពីផ្សារអូឬស្សី ១ខែ១តោន ដោយក្នុង១គីឡូ តម្លៃ ១៥០០០រៀល។

បើតាមម្ចាស់អាជីវកម្មឈ្មោះ ថុន ណាត បានសារភាពថា ក្នុងមួយថ្ងៃខ្លួន​ផលិត​កាហ្វេបាន៥ឡ ក្នុង១ឡ មានទម្ងន់១២០គីទ្បូក្រាម ដោយបានលាយជាមួយ ស្រាស អំបិល សណ្តែក CARAMEL (ទឹកស្ករ ការ៉ាមែល) ប៊ីចេង ទឹកត្រី ស្ករអំពៅ ទឹកដោះគោ និងប៊ឺ ។ ពេលលក់ចេញទៅទីផ្សារ ក្នុង១គីទ្បូក្រាមតម្លៃ ២០,០០០រៀល​ទៅ៣០​,០០០រៀល។ ក្នុង១ ថ្ងៃលក់បានចាប់ពី៥០គីទ្បូក្រាម ទៅ៧០គីទ្បូក្រាម។

គណៈកម្មាធិការអន្តរក្រសួង របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លា បានរកឃើញផលិតផលអន់គុណភាព និងខុសច្បាប់ជាច្រើនមុខរួមមាន ៖

គ្រាប់សណ្តែកសៀង ចំនួន៦០បាវ, គ្រាប់កាហ្វេលេខ១ ចំនួន០៦បាវ, គ្រាប់កា​ហ្វេលេ​ខ២ ចំនួន១០បាវ, កាហ្វេលីងរួចចំនួន០៦បាវ, ម៉ាស៊ីនលាយប៊ឺរ ចំនួន០១គ្រឿង, ម៉ាស៊ីនលាយស្ករ ចំនួន០១គ្រឿង, កាហ្វេច្រកជាកញ្ចប់រួច​ចំនួន៣០កញ្ចប់, ប៊ឺរចំនួន​០៦ធុង, មេក្លិនសំរាប់លាយកាហ្វេចំនួន១២ធុង, ទឹកត្រីចំនួន០៣ប៊ីដុង, ស្រាស​ចំនួន ០១កាន, កាហ្វេផលិតរួចចំនួន ១៤កញ្ចប់ (កាហ្វេខ្មែរធម្មជាតិ) ។ ក្រោយ​ពីការត្រួត​ពិនិត្យរួច សមត្ថកិច្ចចម្រុះអន្តរក្រសួងពិនិត្យឃើញថា ទីតាំង​សិប្បកម្មលីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖ មិនមានលើកស្លាកយីហោរ ពុំមានចុះ​បញ្ជីផលិតផល(ចបផ) គ្មានវិញ្ញាបនបត្រត្រួតពិនិត្យគុណភាព នៅលើសំបកវិច​ខ្ចប់កាហ្វេមិនមានដាក់អាស័យដ្ឋាន និងរបៀបប្រើប្រាស់ នៅលើសំបកវេច​ខ្ចប់កា​ហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវេចខ្ចប់នោះ​លាយសារធាតុផ្សំជា​ច្រើន និងទីតាំងគ្មានអនាម័យជាដើម។

ចំពោះទីតាំងសិប្បកម្ម និងវត្ថុតាង ដែលសមត្ថកិច្ចសម្រុះ របស់គណៈកម្មាធិ​ការប្រ​យុទ្ធប្រឆាំងផលិតផលក្លែងក្លារកឃើញគឺពុំមានច្បាប់អនុញ្ញាតពីស្ថាប័ន​ជំនាញ​ពាក់ព័ន្ធនឹងការលាយផ្សំគីមី គ្រាប់ធញ្ញជាតិ និងសារធាតុផ្សេងៗ ចូលគ្នានោះទេ ដូច្នេះព្រះរាជអាជ្ញាបានសម្រេចផ្អាកអាជីវកម្ម និងឃ្លុំបេបិទទីតាំងជាបណ្តោះអាសន្ន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor