header ads

Sponsor

សៀមរាប៖ កូនឈើចំនួន ៤ម៉ឺនដើម ជាប្រភេទឈើក្នុងតំបន់ព្រៃលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ នៅលើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ភាគខាងជើងបឹងទន្លេសាប ដែលមានការចូលរួមពីព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅក្នុងសហគមន៍នេសាទសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។ ការដាំស្តារព្រៃឈើនេះស្ថិតក្រោមការឧបតម្ភរបស់គម្រោងភាពជាដៃគូកាបូនព្រៃដែលជាគម្រោងរេដបូកសាកល្បង អនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។

ប្រធានរដ្ឋបាលជល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ព្រឹន សាវិន បានលើកឡើងនៅថ្ងៃទី ៦ ខែ កក្កដា ថា ការដាំកូនឈើនៅតំបន់ព្រៃលិចទឹកជានិម្មិតរូបមួយ បញ្ជាក់ពីស្មារតីដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍សសរស្តម្ភ និងសហគមន៍មុខបែន។ លោកបញ្ជាក់ថា ប្រភេទកូនឈើនេះ មានដូចជា ដើមរាំង កូនទោល កូនចឹកកែង កូនទាស់ កូនកន្សែង កូនត្អូរ ជាដើម។

ចំណែកលោក ថាន់ ហឹក អភិបាលរងស្រុកពួក ខេត្តសៀមរាប បានលើកឡើងដែរថា ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនិងគម្រោង ដែលជួយការពារ និងអភិរក្សព្រៃនៅក្នុងតំបន់ព្រៃលិចទឹក និងរក្សាបានជាកេរ្ដិ៍តំណែលដល់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ លោក ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយកគម្រោង រ៉េដបូក នៃក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គម្រោងនេះអនុវត្តន៍ ដើម្បីកាត់បន្ថយនូវការបាត់បង់ និងការរិចរឹលព្រៃឈើ ហើយតំបន់នេះជាជាតំបន់ ព្រៃលិចទឹក ដែលប្រជាសហគមន៍មូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានបានយល់ថាគឺជាប្រយោជន៍រួមទៅថ្ងៃអនាគត់ក្នុងការថែរក្សាការពារព្រៃលិចទឹក។ លោកបន្តទៀតថា ព្រៃលិចទឹកគឺជាកន្លែងមួយដែលជាតំបន់អភិរក្សរបស់តំបន់ទំនាបបឹងទន្លេសាប ហើយក៏ជាកន្លែងអភិរក្សជីវៈចម្រុះទាំងនៅក្នុងទឹក និងទាំងនៅលើគោក ដែលមច្ឆាជាតិទាំងអស់រស់នៅបានគឺពឹងផ្អែកទៅលើព្រៃលិចទឹកដែលបានបន្សល់សត្វជាច្រើន ហើយអ្វីដែលបានសល់រហូតមកដល់សព្វថ្ងៃ គឺដោយសារព្រៃលិចទឹក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post