header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

«កសិទេសចរណ៍» និងការចិញ្ចឹមសត្វតាមបែបអ្នកតំបន់ភ្នំ៖ បង្កើតអត្តសញ្ញាណថ្មីនៃម្ហូបអាហារប្រចាំតំបន់ និងបង្ហួតបង្ហាញពីចំនុចពិសេសនៃទំនៀមទម្លាប់របស់អ្នករស់នៅតាមតំបន់ភ្នំនៅក្នុងស្រុកបន្ទាយស្រី ដើម្បីជាមូលដ្ឋានដណ្តើមយកឧត្តមភាពនៃការប្រកួតប្រជែងខាងផ្នែកទេសចរណ៍។ ថ្ងៃនេះ សុំលើកយកពីហេតុផលដែលធ្វើអោយរដ្ឋបាលស្រុកបន្ទាយស្រីចង់ជម្រុញការងារកសិទេសចរណ៍បន្តិច តែសូមផ្តោតជាពិសេសលើការចិញ្ចឹមសត្វវិញម្តង។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

បើធៀបជាមួយនឹងក្រុងសៀមរាប ដែលជាតំបន់ទំនាបកណ្តាល អ្នកបន្ទាយស្រីអាចចាត់ទុកថាជាអ្នកលើរឺអ្នកភ្នំ ចំណែកឯអ្នករស់នៅតាមបឹងទន្លេសាប អាចហៅថាអ្នកក្រោម រឺអ្នកទន្លេ។ ការសិក្សាពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្របង្ហាញថា ទំនៀមទម្លាប់របស់ពួកគាត់ទាំងពីរក្រុមនេះមានលក្ខណៈខុសគ្នាឆ្ងាយណាស់ ជាពិសេសទៅលើការប្រកបរបរចិញ្ចឹមជីវិត ដោយអ្នកទន្លេពឹងផ្អែកខ្លាំងទៅលើការនេសាទ និងវារីវប្បកម្ម ចំណែកឯអ្នកតំបន់ភ្នំច្រើនផ្តោតលើការធ្វើចម្ការ និងការចិញ្ចឹមសត្វទៅវិញ។ ហេតុដូច្នេះហើយ បានជាខ្ញុំយល់ឃើញថា អ្នកបន្ទាយស្រីគួរផ្តោតយកចិត្តទុកដាក់ទៅលើមុខរបរដែលអាចផ្តល់ភាពមានប្រៀបដោយកត្តាអំណោយផលពីធម្មជាតិដែលមានស្រាប់ ជាជាងប្រឹងជម្នះ និងប្រដូចខ្លួនទៅនឹងតំបន់ដទៃ ព្រោះការសម្របខ្លួនទៅតាមលក្ខខណ្ឌធម្មជាតិ ងាយស្រួលនឹងទទួលបានឧត្តមភាពប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ចបានឆាប់រហ័ស។

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦

ស្ថានភាពភូមិសាស្ត្រនៃស្រុកបន្ទាយស្រីស័ក្តិសមនឹងការធ្វើចម្ការ និងការចិញ្ចឹមសត្វយ៉ាងខ្លាំង ប៉ុន្តែបន្ទាយស្រីក៏ជាស្រុកដែលមានសក្តានុពលធំខាងផ្នែកទេសចរណ៍មួយដែរ ដូច្នេះហើយ ប្រជាកសិករនៅក្នុងស្រុកគួរចាប់យកការចិញ្ចឹមសត្វប្រភេទណា ដែលចំនេញផង និងបម្រើអោយវិស័យទេសចរណ៍ផង។ កន្លងមក “ការចិញ្ចឹមមាន់ស្រែ”បានបង្កើតទីផ្សារយ៉ាងធំទូលាយរួចមកហើយដល់កសិករនៅក្នុងស្រុក ហើយការងារនេះក៏នឹងនៅតែបន្តផងដែរ ក៏ប៉ុន្តែខ្ញុំពិតជាចង់ឃើញរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា មានចំនុចខ្លាំងខាងផ្នែកម្ហូបអាហាររបស់ខ្លួនផ្សេងៗគ្នាទៅតាមតំបន់នីមួយៗ មិនមែនទៅកន្លែងណាក៏មានតែ”មាន់ដុត”ដូចៗគ្នានោះទេ។

រូបភាពទី៧
រូបភាពទី៨
រូបភាពទី៩

ជាឧទាហរណ៍ “ជ្រូកកណ្តុរ” គឺជាប្រពៃណីចិញ្ចឹមសត្វមួយរបស់អ្នកភ្នំគូលែន ដោយយកជ្រូកស្រុកបង្កាត់នឹងជ្រូកព្រៃ រួចហើយចិញ្ចឹមនៅក្នុងព្រៃមុននឹងយកវាមកធ្វើជាម្ហូបអាហារ ហើយជ្រូកកណ្តុរមានរសជាតិគួរអោយទាក់ទាញខ្លាំងណាស់ ថែមទាំងមានតម្រូវការច្រើន និងតម្លៃទីផ្សារខ្ពស់ទៀតផង។ ក្រៅពីនេះ គេសង្កេតឃើញការចិញ្ចឹមសត្វប្រភេទខ្លះទៀត ក៏មានភាពសមស្របខ្លាំងនឹងតំបន់ចម្រាក់ភ្នំដែរ ដូចជាការចិញ្ចឹមសត្វពពែ រឺសត្វចៀមជាដើម ព្រោះតំបន់ទាំងនេះពិបាកក្នុងការដាំដំណាំរឺធ្វើចម្ការ។ រដ្ឋបាលស្រុកនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រក្រោមរូបភាពផ្សេងៗ ក៏ដូចជាសហការជាមួយអង្គការដៃគូនានា ផ្តល់ជាជំនួយជំនាញបច្ចេកទេស ស្វែងរកទីផ្សារ និងផ្សព្វផ្សាយអោយបានទូលំទូលាយជូនកសិករទាំងឡាយណា ដែលចាប់អារម្មណ៍លើការងារចិញ្ចឹមសត្វប្រភេទទាំងនេះផងដែរ។

ភាពប្លែកបង្កើតភាពទាក់ទាញ ដែលជាហេតុផលចម្បងដែលជំរុញអោយមានការរីកលូតលាស់នៃវិស័យទេសចរណ៍ ហើយបើយើងអាចបង្កើតភាពទាក់ទាញនៅក្នុងតំបន់នីមួយៗបាន នោះវានឹងផ្តល់ហេតុផលរឹតតែច្រើនអោយអ្នកទេសចរដែលមកកាន់ខេត្តសៀមរាបទៅទស្សនាតំបន់ផ្សេងៗគ្នានៅក្នុងខេត្ត។ សង្ឃឹមថាថ្ងៃណាមួយ យើងនឹងមានអត្តសញ្ញាណនៃម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់នីមួយៗច្បាស់លាស់ ដើម្បីបម្រើអោយភាពសម្បូរបែបនៃវិស័យទេសចរណ៍ ហើយយើងនឹងអាចនាំគ្នានិយាយថា “តោះ! ទៅញ៊ាំជ្រូកកណ្តុរនៅបន្ទាយស្រី! តោះ! ទៅញ៊ាំពពែអាំងនៅជើងភ្នំគូលែន!” ដូចដែលយើងធ្លាប់និយាយថា “តោះ! ទៅញ៊ាំក្តាមនៅកំពត!” រឺ “តោះ! ទៅញ៊ាំនំបញ្ចុកនៅព្រះដាក់!”ដូច្នោះដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post