សង្គម
អាម៉ាប៉ាប៉ាញ៉ូសមន្រ្តីសុខាភិបាល និងអាជ្ញាធរនៅទូទាំងខេត្តបន្ទាយមានជ័យ បានកំពុងបើកយុទ្ធនាការយ៉ាងផុសផុលចុះតាមមូលដ្ឋាន និងអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈីក និងគ្រុនឈាម និងការសម្អាតបរិស្ថាន ផ្ទះសម្បែងប្រជាពលរដ្ឋ នៅថ្ងៃទី ២៦ ខែកក្កដា ដើម្បីលុបបំបាត់ជម្រកមូសខ្លាក្រោយពីមានការផ្ទុះឡើងនូវជំងឺគ្រុនឈីកក្នុងតំបន់មួយចំនួននៅក្រុងប៉ោយប៉ែតកាលពីពេលថ្មីៗនេះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីមានការផ្ទុះឡើងនូវជំងឺគ្រុនឈីក នៅភូមិចំនួន ៦នៅខេត្តប៉ោយប៉ែតកាលពីពេលកន្លងមក លោកបានបញ្ជាឲ្យចាត់វិធានការការពារ និងកម្ចាត់ជំងឺគ្រុនឈាម និងគ្រុនឈីកនេះ ឲ្យបានទាន់សភាពការណ៍។ លោកអភិបាលខេត្តបានបញ្ជាក្រុមការងារចុះដាក់ថ្នាំអាបែត នៅក្នុងមូលដ្ឋានស្រុកមង្គលបូរីយ៉ាងសស្រាក់សស្រាំពេញមួយថ្ងៃ។ យុទ្ធនាការនេះ ក្នុងគោលបំណងផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានយល់ដឹងអំពីជំងឺគ្រុនឈាម និងគ្រុនឈីក ដើម្បីចូលរួមទប់ស្កាត់ការរីករាតត្បាតនៃជំងឺនេះឲ្យបានខ្ពស់បំផុត។
លោកបន្ថែមថា គ្រុនឈីកក្នុងឆ្នាំ ២០២០នេះ គឺខុសពីឆ្នាំមុនៗ ព្រោះកាលពីមុនកើតតែលើកុមារ តែពេលនេះកើតលើមនុស្សគ្រប់វ័យ។ ហេតុនេះហើយបានជារាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នចម្រុះ បានចេញគោលការណ៍ណែនាំឲ្យមន្ត្រី និងប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លាដែលជាភ្នាក់ងារចម្បងក្នុងការចម្លងជំងឺនេះ ដោយត្រូវកម្ចាត់ដង្កូវទឹក ដែលនៅតាមទឹកថ្លា និងត្រូវសម្អាតបរិស្ថានជុំវិញផ្ទះរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យមានទឹកដក់ ត្រូវលុបបំបាត់ថ្លុក សម្បកដូង សម្បកកង់ឡាន និងត្រូវលុបជីកកប់ឲ្យបានស្អាត មិនត្រូវទុកឲ្យមានរបស់ដែលដក់ទឹកបាន នាំឲ្យកើតមានដង្កូវទឹក និងមានមូសខ្លា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ជំរុញឲ្យពលរដ្ឋ បើសិនមានករណីសង្ស័យថា កូនរបស់អ្នកមានអាការៈដូចជា ក្តៅខ្លួនខ្លាំងលើសពី ២ថ្ងៃ និងមានកន្ទួលក្រហមៗលើស្បែក ឈឺពោះ ឈឺខ្លួនប្រាណ ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត កុំឲ្យលើសពី៨ថ្ងៃ ទើបគ្រូពេទ្យអាចជួយសង្រ្គោះបាន៕