ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺកំពុងតែសិក្សាគម្រោងសាងសង់ផ្លូវទៅកាន់រមណីយដ្ឋាន « ភ្នំខ្នងផ្សារ » ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តទៅកាន់ទីនោះ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងនៅក្នុងក្នុងសន្និសិទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

លោកអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មានលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនបាននាំគ្នាធ្វើដំណើរផ្សងព្រេងទៅកាន់ភ្នំខ្នងផ្សារ បើទោះបីជាសព្វថ្ងៃមានភាពលំបាកទាំងផ្លូវធ្វើដំណើរ និងគ្មានសេវាកម្មនានាក៏ដោយ។

ក្រៅពីសិក្សាអំពីការសាងសង់ផ្លូវទៅកាន់លើភ្នំ រដ្ឋបាលខេត្តកំពង់ស្ពឺក៏គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈ និងសេវាកម្មនានា នៅទីតាំងភ្នំខ្នងផ្សារផងដែរ ដើម្បីជាការឆ្លើយតបទៅនិងតម្រូវការរបស់អ្នកទេសចរជាតិ និងអន្តរជាតិ។

លោកអភិបាលខេត្តបន្តថា ការសិក្សាទៅលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្តនេះ រដ្ឋបាលខេត្តស្វាគមន៍ជានិច្ច ចំពោះសម្បុរសជន ដែលចង់ឧបត្ថម្ភទៅលើដំណើរការសាងសង់ទាំងនេះ ។ លោកបន្ថែមថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួន ១៣កន្លែង ក្នុងនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រមាន ៤កន្លែង រួមមាន ល្អាងបុរាណវិទ្យាភ្នំចាស់ បុរាណវិទ្យាភ្នំព្រះ រមណីយដ្ឋានប្រវត្តិសាស្រ្តតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង។

រមណីយដ្ឋានធម្មជាតិមាន ៨កន្លែងរួមមាន ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ មណ្ឌលកម្សាន្តគីរីរម្យ សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ រមណីយដ្ឋានអំពែភ្នំ គីរីរម្យផាញរីសត កីឡដ្ឋានវាយកូនហ្គោល រមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ និងសារមន្ទីរនរៈបុរី១កន្លែង។ តំបន់ទេសចរណ៍ផ្សងព្រេង មាន ២ ទីតាំង ភ្នំឱរ៉ាល់ និង ភ្នំខ្នងផ្សារ៕

ទិដ្ឋភាព ភ្នំខ្នងផ្សារ
ទិដ្ឋភាព ភ្នំខ្នងផ្សារ
ទិដ្ឋភាព ភ្នំខ្នងផ្សារ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor