header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យបណ្តោះអាសន្ន នឹងរើទៅរស់លើដីកម្មសិទ្ធិស្របច្បាប់ នៅតាមប្រឡាយស្ទឹងមានជ័យវិញ ក្រោយការដ្ឋានស្ថាបនាដោយបុកស៊ីផាយ និងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ ស្ថាបនារួចរាល់នៅចុងខែកក្កដានេះ។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាទិន្នន័យមូលដ្ឋាន នៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យ និងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិលើវិស័យ រៀបចំផែនការនគររូបបនីយកម្ម និងការគ្រប់គ្រងដីធ្លី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ បានឈានជិតដល់ទីបញ្ចប់ហើយ ដូច្នេះប្រជាពលរដ្ឋដែលត្រូវបានជម្លៀសឲ្យទៅស្នាក់នៅក្រោមស្ពានស្ទឹងមានជ័យជាបណ្ដោះអាសន្ននោះ នឹងត្រូវមករស់នៅ លើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ដែលសម្ដេច ហ៊ុន សែន បានប្រទានកម្មឲ្យពួកគាត់ នៅតាមបណ្ដោយប្រឡាយស្ទឹងមានជ័យនេះ។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានី បានស្ថាបនាប្រឡាយស្ទឹងមានជ័យដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។  ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នោះ  រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយចំនួន១៥២គ្រួសាររួចហើយ។ 

ប្រឡាយស្ទឹងមានជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអភិវឌ្ឍនេះ ឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួនជាង៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះ នឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទម្លាក់ចូលទៅបឹងទំពុន។ ជាគម្រោង តួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ  ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ។

កាលពីថ្ងៃទី១១ កក្កដា រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយដីផ្ទះសម្បែងជាមួយប្រជាពលរដ្ឋជាង១០០គ្រួសារ ស្មើនឹង៨៧ខ្នងផ្ទះ នៅសហគមន៍បន្ទាយស្លឹក ដែលពួកគាត់រស់នៅលើផ្លូវសាធារណៈ លេខ៤៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ជាង២០ឆ្នាំកន្លងមកនេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ដីឡូតិ៍ថ្មី ដីទំហំ៤ម៉ែត្រគុណ ១៥ម៉ែត្រ ក្នុងមួយខ្នងផ្ទះស្ថិត នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយប្រជាពលរដ្ឋ ក៏ព្រមទទួលយកដោយស្ម័គ្រចិត្តផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post