header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

និន កញ្ញា គឺជាសហគ្រិនវ័យក្មេងមួយរូប ដែលមានមហិច្ឆតាខ្ពស់ នៅក្នុងចំណោមស្រ្តីវ័យក្មេងមួយចំនួនទៀត ដែលកំពុងមានអាជីវកម្មនៅក្នុងដៃ និងរកចំណូលបានខ្ពស់នៅក្នុងមួយខែៗ។

ស្ថិតក្នុងវ័យ ៣៣ឆ្នាំ កញ្ញា និន កញ្ញា បានបង្កើតអាជីវកម្មផលិតឥដ្ឋខ្យល់ ឬឥដ្ឋបេតុង ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកម៉ៅការសំណង់ និងអ្នកសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ។

ផ្តើមចេញពីអាជីពជាគ្រូបង្រៀនថ្នាក់មតេយ្យ និងជាពិធីការនីវិទ្យុមួយ កញ្ញា និន កញ្ញា តែងតែចិញ្ចឹមចិត្ត និងមានចក្ខុវិស័យខ្ពស់ក្នុងការចាប់យកអាជីវកម្ម ដើម្បីឆ្ពោះទៅធ្វើឲ្យជីវិតបានល្អប្រសើរ នាថ្ងៃអនាគត។ កញ្ញា បានបញ្ចប់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសនៅឆ្នាំ២០១៣។

បន្ទាប់ពីបានធ្វើការងាររួមគ្នាជាមួយដៃគូ ដែលជាជនបរទេស អស់រយៈពេលជាង២ឆ្នាំនៅក្នុងវិស័យសាងសង់ អាគារ ផ្ទះ ខុនដូ បានជំរុញទឹកចិត្ត កញ្ញា ឲ្យពុះកញ្រ្ជោលក្នុងការបង្កើតអាជីវកម្មផលិតឥដ្ឋខ្យល់នេះឡើង។

និន កញ្ញា បានរៀបរាប់ដូច្នេះថា«ដោយសារពេលធ្វើការជាមួយក្រុមការងារ ដែលជាជនជាតិបរទេស ខ្ញុំឃើញសក្ដានុពលក្នុងប្រទេសកម្ពុជា លើវិស័យសាងសង់ មានការរីកចម្រើនខ្លាំង ខ្ញុំក៏បែកគំនិតបង្កើតអាជីវកម្មនេះឡើង ដែលមានទីតាំងនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅឆ្នាំ ២០១៨»

កញ្ញា បាននិយាយអំពីអត្ថប្រយោជន៍របស់ឥដ្ឋខ្យល់ដូច្នេះទៀតថា«ឥដ្ឋខ្យល់ ឬឥដ្ឋបេតុងនេះ យើងផលិតចេញដោយម៉ាស៊ីន វាមានកម្លាំងសង្កត់ខ្លាំង ដែលយើងអាចយកទៅធ្វើផ្ទះ ធ្វើអាគារ ធ្វើខុនដូផ្សេងៗ និងយកទៅធ្វើរបងវាចំណេញថវិកាច្រើន ហើយបើធៀបនឹងឥដ្ឋក្រហម គឺចំណេញពេលច្រើន ព្រោះឥដ្ឋក្រហម ត្រូវប្រើពេលយូរ ដោយសារត្រូវរៀបម្ដងមួយដុំៗ ហើយត្រូវបូកមួយជាន់ទៀត»

ម្ចាស់សិប្បកម្មឡឥដ្ឋរូបនេះ បានបង្ហើបប្រាប់ថា កញ្ញាអាចរកប្រាក់ចំណូលបានពីអាជីវកម្មនេះ ចន្លោះពី ៨ពាន់ដុល្លារ ទៅជាង១ម៉ឺនដុល្លារ ក្នុងមួយខែ។ សហគ្រិនវ័យក្មេងរូបនេះ ឲ្យដឹងទៀតថា សព្វថ្ងៃអាជីវកម្មឡឥដ្ឋនេះ បានជួយសម្រួលជីវភាពគ្រួសារកញ្ញាល្អប្រសើរច្រើន ពិសេសបានជួយផ្តល់ការងារដល់កម្មករចំនួន ៦នាក់ទៀត ឲ្យពួកគាត់មានការងារធ្វើ និងទទួលបានប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

ជាកូនកសិករ ដែលមានការតាំងចិត្ត និងតស៊ូខ្ពស់ សហគ្រិនវ័យក្មេងរូបនេះ បានជំនះរាល់ឧបសគ្គជាច្រើន ទម្រាំទទួលបានផ្លែផ្កា និងសមទ្ធិផលជាច្រើន ដូចសព្វថ្ងៃនេះ។

ភាពជោគជ័យនៅត្រឹមកម្រិតនេះ កញ្ញា មិនទាន់បញ្ចប់មហិច្ឆិតារបស់ខ្លួននៅឡើយ។ កញ្ញា និន កញ្ញា មានគោលបំណងពង្រីកអាជីវកម្មផលិតឡឥដ្ឋនេះ ឲ្យកាន់តែរីកធំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានធំទូលាយ នៅកម្ពុជា។

កញ្ញា និន កញ្ញា ជាកូនទី៥ នៅក្នុងគ្រួសារ ដែលមានបងប្អូនបង្កើតចំនួន ៦នាក់ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post