កីឡា
អាម៉ាប៉ាប៉ាញ៉ូសCAMSOC-ភ្នំពេញ៖ក្រុមម្ចាស់ផ្ទះខេត្តសៀមរាបបានប្រកួតចាញ់ក្រុមខេត្តព្រៃវែង ដោយលទ្ធផល ០ទល់២ ខណៈក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំបានប្រកួតឈ្នះខេត្តកែប ដោយលទ្ធផល ២ទល់១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថ្នាក់ខេត្តពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០។
ក្រុមខេត្តសៀមរាប និងព្រៃវែងបានរក្សាលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ ប៉ុន្តែដោយសារក្រុមម្ចាស់ផ្ទះទទួលពិន័យកាតក្រហម១ តាំងតែនាទីទី២០ ទើបធ្វើឲ្យក្រុមភ្ញៀវ ខេត្តព្រៃវែងដាក់សម្ពាធយ៉ាងខ្លាំង រហូតដល់ធ្វើសម្រេចបាន២គ្រាប់នៅចុងវគ្គទី២ ពោលគឺនៅនាទី៧២ និងនៅនាទី៧៧ ដែលធ្វើឲ្យក្រុមព្រៃវែងមានប្រៀបខ្លាំង សម្រាប់ការប្រកួតដូរដី នៅជើងទី២ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ដើម្បីកាត់សេចក្តីថាតើក្រុមណាមួយ ឡើងទៅប្រកួតប្រជែងដណ្តើមម្ចាស់ដំណែងជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅវគ្គផ្តាច់ព្រ័ត្រ។
ចំពោះ១ប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រុមម្ចាស់ផ្ទះ ខេត្តត្បូងឃ្មុំ ដែលជាក្រុមជើងឯក ថ្នាក់ខេត្ត ពានរង្វាន់សម្តេចតេជោ កាលពីរដូវកាល ២០១៩ កន្លងទៅបានប្រកួតឈ្នះក្រុមភ្ញៀវ ខេត្តកែប ដោយលទ្ធផល ២ទល់១ ដោយលទ្ធផលនេះជាលទ្ធផល គឺជាលទ្ធផលតាំងពីវគ្គទី១ ដោយរក្សាបានរហូតដល់បញ្ចប់ការប្រកួតតែម្តង។
២ប្រកួតនេះនឹងត្រូវបន្តជួបគ្នានៅជើងទី២ ផ្លាស់ប្តូរទឹកដី នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ហើយ២ក្រុម ដែលប្រកួតឈ្នះសរុបលទ្ធផលទាំងពីរជើងនឹងត្រូវបន្តឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកថ្នាក់ខេត្ត ខណៈ២ក្រុមចាញ់ៗនឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ៤ក្រុមចុងក្រោយ ដែលកំពុងប្រជែងជើងឯកថ្នាក់ខេត្តនេះគឺបេក្ខភាពឡើងទៅប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជាមួយនឹង១២ក្រុម ក្នុងចំណោម១៣ក្រុម (លើកលែងតែក្រុមយុវជនបាទី ដែលមិនចូលរួម) ដែលកំពុងស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា សរុបចំនួន១៦ក្រុម ដោយគ្រោងនឹងចាប់ឆ្នោតចែកពូលជាថ្មី នាពេលខាងមុខ៕ រូបភាព៖ CNCC