សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ កម្ពុជាត្រូវរៀបចំខ្លួនឱ្យបានល្អ ក្រោយពីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន។ បើមិនដូច្នេះទេ កម្ពុជានឹងក្លាយជាកន្លែងបង្ហូរទំនិញពីចិនប៉ុណ្ណោះ។ នេះជាការព្រមានរបស់អ្នកជំនាញសេដ្ឋកិច្ច។
កម្ពុជា ទទួលបានកាអនុគ្រោះពន្ធលើផលិតផលនាំចេញ៣៤០មុខទៅកាន់ប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន។ ថ្លែងនៅក្នុងសន្និសីទស្ដីពី «លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA» នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត បានបញ្ជាក់ថា ទំនិញទាំងនោះ គឺទទួលបានការអនុគ្រោះ៩៥ភាគរយ ក្រៅពីនោះទំនិញដែលនៅជាប់ពន្ធ៥ភាគរយទៀត នឹងត្រូវកាត់បន្ថយថ្លៃពន្ធបន្តិចម្តងៗ រហូតទាល់តែរួចពន្ធអស់ ។ ទំនិញដែលទទួលបានការអនុគ្រោះពន្ធនោះ មានដូចជា ផលិតផលម្រេច ត្រី សាច់ បន្លែ ផ្លែឈើ និងផលិតផលកសិកម្មជាច្រើនទៀត ។
បើតាមលោក សុខ សុភ័ក្រ្ត កម្ពុជា ក៏បានអនុគ្រោះពន្ធចំពោះទំនិញចិន ប្រមាណ ៩០ភាគរយ ដែលនាំចូលមកកម្ពុជាផងដែរ ដែលផលិតផលទាំងនោះ ភាគច្រើនជាវត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងចក្រ និងបង្គុំផ្សេងទៀត ។ លោកបន្តថា កម្ពុជា មិនអាចផ្តល់ការអនុគ្រោះពន្ធទាំងស្រុងបាននោះទេ ព្រោះកម្ពុជាជាប្រទេសអភិវឌ្ឍតិចតួច ដែលត្រូវការចំណូលពីពន្ធគយនៅឡើយ។
រដ្ឋលេខាធិការរូបនេះ អះអាងថា ការអនុគ្រោះពន្ធលើទំនិញរបស់ចិននេះ វាមិនប៉ះពាល់ដល់ការវិនិយោគក្នុងស្រុកទេ ព្រោះកម្ពុជាមិនមែនជាប្រទេសផលិតសម្ភារគ្រឿងចក្រ និងយានយន្តគ្រប់ប្រភេទដូចចិន។
ទោះកម្ពុជា មិនអាចផលិតសម្ភារដោយប្រើប្រាស់បច្ចេកវិទ្យាដូចចិនបាន តែកម្ពុជាក៏ត្រូវត្រៀមខ្លួនឱ្យបានល្អ ដើម្បីទប់ស្កាត់ការហូរចូលទំនិញពីចិនច្រើនលើសលប់ ដែលនាំឱ្យខាតប្រយោជន៍ខ្លួន។ ជាពិសេសផលិតផលកសិកម្ម។ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គឺ សេរីវឌ្ឍន៍ មើលឃើញថា ផលិតផលបន្លែចិន មានតម្លៃថោកជាងផលិតផលក្នុងស្រុក ដូច្នេះកម្ពុជាអាចក្លាយជាកន្លែងបង្ហូរផលិតផលកសិកម្មបន្លែពីចិន បើសិនជាកម្ពុជា មិនបានរៀបចំយុទ្ធសាស្ត្រត្រៀមខ្លួនទប់ស្កាត់ស្ថានការណ៍នេះ។
«ប្រសិនបើការរៀបចំខ្លួនឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន មិនគ្រប់គ្រាន់ទេនោះ នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាត់តុល្យភាព ហើយលំហូរពាណិជ្ជកម្មនឹងធ្ងន់ទៅខាងចិន។ លំហូរទំនិញពីចិននឹងហូរចូលមកទីផ្សារកម្ពុជា ហើយកម្ពុជា ត្រូវការរៀបចំខ្លួនជាចាំបាច់សម្រាប់ទប់លំហូរទំនិញរបស់ចិន ដើម្បីឱ្យកម្ពុជា អាចបង្កើនវិនិយោគនិងផលិតកម្មដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ឬក៏សម្រាប់នាំចេញផលិតកសិកម្មទៅកាន់ទីផ្សារចិនវិញ»។ នេះជាការបញ្ជាក់របស់លោក គី សេរីវឌ្ឍន៍។
ដើម្បីទប់ស្កាត់ការហូរចូលទំនិញចិននេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា មើលឃើញថា កម្ពុជាត្រូវការរៀបចំ និងដោះស្រាយ បញ្ហា ៥ រួមមាន ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:, ៤. តម្លៃអគ្គិសនី។ លោក សុខ ទូច បានសង្កត់ធ្ងន់ថា បើសិនតម្លៃថ្លៃដើមកាន់តែទាប ឱកាសប្រកួតប្រជែង មានកាន់តែខ្ពស់។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល ពីសារប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក សុខ ទូច ពន្យល់ដូច្នេះថា៖«បើថ្លៃដើមផលិតថ្លៃ ការដឹកជញ្ជូនចំណាយច្រើន បូកជាមួយការចាយវាយលើការិយាល័យធិបតេយ្យ នោះផលិតផលមិនអាចលក់បានថោកជាងគេទេ។ ដូច្នេះហើយ ចាំបាច់ណាស់ដែលថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ត្រូវជជែកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើកទឹកចិត្តដល់វិស័យឯកជនបង្កើនវិនិយោគនិងផលិតកម្មក្នុងស្រុក»។
បើតាមប្រធានរាជបណ្ឌិត្យសភារូបនេះ ការជំរុញផលិតកម្មតាមរយៈសហគមន៍កសិកម្ម ជារឿងចាំបាច់ ហើយវាក៏ជាការផ្ដល់ឱកាសដល់កសិករ ក៏ដូចជាផលិតករកម្ពុជា ចូលរួមក្នុងផលិតគ្រប់វិស័យ ។ ជាពិសេសក្នុងវិស័យកសិកម្ម។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានអះអាងថា ក្រសួងនិងភាគីពាក់ព័ន្ធ នឹងបញ្ជូនមន្ត្រីជំនាញ ចុះទៅជួយសហគ្រិនធុនតូច និងមធ្យម SME ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេសលើផ្នែកនាំចេញ ក្នុងវិស័យកសិកម្មតែម្ដង។
កាលពីឆ្នាំ២០១៩កន្លងមក កម្ពុជានាំចូលទំនិញទៅចិន មានទំហំជាង១០០០លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាវិញ ជាង៦០០០លានដុល្លារអាមេរិក។ នេះបើតាមលោក សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕