សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តឧត្ដរមានជ័យ៖ កសិករ ធួន ព័រ ប្រកបរបរដាំដំណាំត្រសក់ផ្អែម និងឪឡឹកលឿង អាចរកប្រាក់ចំណូលបានជិត ២ម៉ឺន៨ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលរស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

លោក ធួន ព័រ បានដាំបន្លែតាំងពីឆ្នាំ២០១២មក បន្ទាប់ពីមានការគាំទ្រ និងបណ្ដុះបណ្ដាលបច្ចេទេសពីអង្គការ IDE សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក វេង សាខុន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា កសិកររូបនេះ ដំបូងឡើយមានជីវភាពលំបាក គាត់ប្រកបមុខរបរធ្វើស្រែចំការ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយដោយមានចិត្តស្រលាញ់លើមុខរបរកសិកម្ម លោក ធួន ព័រ តែងតែចូលរួមវគ្គបណ្តុះបណ្តាលនានា ដែលពាក់ព័ន្ធ និងការសិក្សារៀនសូត្រពីការងារចិញ្ចឹមសត្វ និងដាំដុះ។

បន្ទាប់ពីទទួលបានចំណេះដឹង លោក ធួន ព័រ បានអនុវត្តផ្ទាល់រហូតក្រុមគ្រួសារគាត់ មានប្រាក់ចំណូលពីការដាំដុះបន្លែល្អប្រសើរឡើងជាបន្តបន្ទាប់ និងមានថវិកា សាងសង់ផ្ទះបានសមរម្យ ទិញដីស្រែបាន ១០ហិកតា ទិញដីចំការបាន ៤,៥ហិកតា និងទិញគោ ក្របីបានជាង ២០ក្បាលបន្ថែមទៀត ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់លោក ធួន ព័រ ដែលឧស្សាហ៍ព្យាយាមក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ពីការដាំដុះដំណាំបានល្អប្រសើរ ឈានដល់ការពង្រីកខ្លួនក្នុងវិស័យកសិកម្មបានចំណូលក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់។ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់លោក ធួន និងក្រុមគ្រួសារ បន្តពង្រីកការដាំដុះបន្ថែមទៀត ព្រមទាំងណែនាំឱ្យមន្ទីរ ជួយសម្របសម្រួលក្នុងការពង្រឹងយន្តការទីផ្សារជូនកសិករក្នុងខេត្តផងដែរ៕

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post