សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បើសិនតម្លៃថ្លៃដើមកាន់តែទាប ហើយកម្ពុជាអាចលក់ផលិតផលខ្លួនក្នុងតម្លៃថោក នោះឱកាសប្រកួតប្រជែង មានកាន់តែខ្ពស់នៅលើទីផ្សារប្រទេសចិន នៅពេលដែលកម្ពុជា ចុះកិច្ចព្រៀងព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខ។ លោក សុខ ទូច ថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពីសារប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោក សុខ ទូច បញ្ជាក់ដូច្នេះថា « បើថ្លៃដើមផលិតថ្លៃ ការដឹកជញ្ជូនចំណាយច្រើន បូកជាមួយការចាយវាយលើការិយាល័យធិបតេយ្យ នោះផលិតផលមិនអាចលក់បានថោកជាងគេនោះទេ។ ដូច្នេះហើយ ចាំបាច់ណាស់ដែលថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ ត្រូវជជែកពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរួម លើកទឹកចិត្តដល់វិស័យឯកជនបង្កើនវិនិយោគនិងផលិតកម្មក្នុងស្រុក » ។

លោក សុខ ទូច បានផ្តល់ជាយោបល់ថា កម្ពុជា ត្រូវការរៀបចំជាចាំបាច់ និងដោះស្រាយ បញ្ហាចំនួន ៤ ចំណុចរួមាន៖ ១. ការដឹកជញ្ជូន, ២. ការិយាល័យធិបតេយ្យ, ៣. បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងទី ៤. តម្លៃអគ្គិសនី។

ចំណែកលោក គឺ សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បច្ចុប្បន្នផលិតផលបន្លែផ្លែឈើចិន មានតម្លៃថោកជាងផលិតផលក្នុងស្រុក ដូច្នេះកម្ពុជា អាចក្លាយជាកន្លែងបង្ហូរផលិតផលកសិកម្មបន្លែពីចិន ដែលស្ថានការណ៍នេះ កម្ពុជា ត្រូវតែរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនទប់ទល់ ។

លោកបន្ថែមថា ប្រសិនបើការរៀបចំខ្លួនឆ្លើយតបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន មិនគ្រប់គ្រាន់ទេនោះ នឹងធ្វើឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាត់តុល្យភាព ហើយលំហូរពាណិជ្ជកម្មនឹងធ្ងន់ទៅខាងចិន។ ចំណែកលំហូរទំនិញពីចិននឹងហូរចូលមកទីផ្សារកម្ពុជា ហើយកម្ពុជា ត្រូវតែរៀបចំខ្លួនជាចាំបាច់សម្រាប់ទប់លំហូរទំនិញរបស់ចិននេះ ដើម្បីឱ្យកម្ពុជា អាចបង្កើនការវិនិយោគ និងផលិតកម្ម ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ឬក៏សម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារចិនវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor