សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា នៅឆមាសទី១ នៃឆ្នាំនេះ ការបង្ក្រាបបទល្មើសគ្រឿងញៀនមានការកើនឡើង ប៉ុន្តែការបង្រ្កាបបានមានការថយចុះ បើធៀបនឹងឆ្នាំ២០១៩។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងបែបនេះ នៅកិច្ចប្រជុំស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ ព្រឹកថ្ងៃទី ២៤ កក្កដា។
តាមរបាយការណ៍ស្ដីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ បានបង្ហាញថា សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៤.១៧៥ករណី កើនឡើង១.២៨៨ករណី ស្មើនឹង៣០.៨៥%។ ក្នុងឆមាសទី១ ឆ្នាំ២០២០ដដែល សម្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន៨.៩១១នាក់ ដោយកើនឡើងចំនួន១.៩៦៦នាក់ ស្មើនឹង២២.០៦% ក្នុងនោះមានជនជាតិខ្មែរ១០.៧០០នាក់ និងជនបរទេស១៧៧នាក់ ដែលមាន១៥ជនជាតិ។
សមត្ថកិច្ចចាប់យកគ្រឿងញៀនមានចំនួនសរុប ២៦១គីឡូក្រាម បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប ៣៤១គីឡូក្រាម ថយចុះ៨០គីឡូក្រាម ស្មើនឹង២៣,៤៣%៕
អត្ថបទ៖ញឹក សំអូន