សង្គម
អាម៉ាប៉ាប៉ាញ៉ូសរាជរដ្ឋាភិបាល ជំរុញឱ្យអ្នកបើកបររថយន្តដឹកកម្មករ និយោជិតនៅតាមរោងចក្រនានា ប្រើប្រាស់រថយន្តស្របតាមលក្ខណៈស្តង់ដារ ដើម្បីធានាដល់សុវត្ថិភាពក្នុងពេលធ្វើដំណើរ។
លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករព្រឹកថ្ងៃទី ២៨ ខែកក្កដាថា សុវត្ថិភាពធ្វើដំណើររបស់កម្មករក្នុងវិស័យកាត់ដេរនៅតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ដោយសារកត្តាអ្នកបើកបរមិនគោរពច្បាប់ និងការដឹកលើសទម្ងន់ ខណៈយានយន្តមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស។ លោក ជំរុញឲ្យអ្នកបើកបររថយន្តដឹកកម្មករ ត្រួតពិនិត្យបច្ចេកទេសរថយន្តឲ្យបានត្រឹមត្រូវ មុននឹងដឹកកម្មករ ដើម្បីជៀសគ្រោះថ្នាក់នៅលើដងផ្លូវ។
ជាមួយគ្នានេះ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានលើកឡើងថា សង្គមស៊ីវិលកំពុងសិក្សាពីលទ្ធភាពឲ្យរថយន្តដឹកកម្មករ មានកៅអីអង្គុយត្រឹមត្រូវ និងកំណត់ចំនួនផ្ទុកស្របតាមស្តង់ដារ នៅចុងឆ្នាំនេះ។ លោក បញ្ញា បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះមានរថយន្តដឹកញ្ជូនកម្មករត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួន៤០គ្រឿងប៉ុណ្ណោះ ក្នុងចំណោមប្រមាណ៥០០គ្រឿង។
សង្គមស៊ីវិល បានកត់សម្គាល់ថា កម្មករមួយចំនួនធំធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការតាមរថយន្តជជុះពីប្រទេសកូរ៉េ ដែលមានលក្ខណៈចាស់ៗ និងដឹកលើសចំណុះដោយការឈរតោងខាងក្រោយនៃរថយន្ត ខណៈក្នុងចំណោមអ្នកបើកបរទាំងនោះ គ្មានបណ្ណបើកបរ និងរថយន្តខ្លះមិនបានចុះបញ្ជីត្រឹមត្រូវ និងកែច្នៃខុសបច្ចេកទេស ដែលអាចងាយបង្កឲ្យមានគ្រោះថ្នាក់នៅលើដងផ្លូវគ្រប់ពេលវេលា។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខរបបសង្គម បានបង្ហាញថា កាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចកើតឡើងចំពោះកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងចំនួន៦៩៨លើក ដោយបណ្តាលឲ្យកម្មករ ចំនួន១៥នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាងមួយពាន់នាក់។ កត្តាគ្រោះថ្នាក់នេះ ដោយសារការវ៉ាជែងប្រថុយប្រថាន ការមិនគោរពច្បាប់ចរាចរណ៍ បើកបរធ្វេសប្រហែស ការផ្ទុកចំនួនមនុស្សលើសចំណុះ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម៕