header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

របរចិញ្ចឹមខ្យងកំពុងពេញនិយម និងមានទីផ្សារល្អ នៅខេត្តមណ្ឌលគិរី ខណៈខ្យងធម្មជាតិកំពុងខ្សត់ខ្សោយ នៅតាមបឹងធម្មជាតិ ឬវាលស្រែ។

ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យង នៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី លោក ហាច ឆន បានប្រាប់ឲ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិ កំពុងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជន ទាំងនៅក្នុង និងក្រៅខេត្ត និងតម្រូវការទីផ្សារខ្ពស់។

បច្ចុប្បន្នកសិដ្ឋានរបស់លោក ហាច ឆន បានលក់ខ្យងពូជចែកចាយបន្តជូនកសិករ ដែលមានបំណងចង់ចិញ្ចឹមយកសាច់សម្រាប់លក់បន្ត ដោយខ្យងពូជលក់បានតម្លៃ ៣ម៉ឺនរៀលក្នុង១គីឡូក្រាម ហើយក្នុង១ខែកសិដ្ឋានរបស់លោក ឆន លក់បានចន្លោះពី ១០០-១៥០គីឡូក្រាម។

បើតាមម្ចាស់កសិដ្ឋានចិញ្ចឹមខ្យង បានគូសបញ្ជាក់ថា ការចិញ្ចឹមខ្យងកសិដ្ឋាននេះ មិនប្រើចំណីផ្សេងក្រៅពីផ្លែឈើ ឬសរុក្ខជាតិ បន្លែ ឬចំណីត្រីនោះឡើយ។

លោក ឆន បានបញ្ជាក់ថា របរចិញ្ចឹមខ្យងនេះ បានជួយជីវភាពគ្រួសារលោកល្អប្រសើរបានមួយកម្រិត។

លោក ហាច ឆន លើកឡើងដូច្នេះថា« មុខរបរចិញ្ចឹមខ្យងនេះ ធ្វើឱ្យគ្រួសារលោកមានការងារធ្វើនៅក្នុងផ្ទះ ដោយមិនចាំបាច់ចំណាកស្រុក ដោយចិញ្ចឹមតាមគោលការណ៍ធម្មជាតិ អាចហូបបាន ហើយអាចលក់បង្កើនប្រាក់ចំណូលបន្ថែមទុនសម្រាប់ពង្រីកអាងចិញ្ចឹមខ្យងឲ្យច្រើនជាងមុន ហើយនឹងចែករំលែកចំណេះដល់កសិករក្នុង ឬខេត្តផ្សេង ដែលមានចំណាប់អារម្មណ៍ចង់ចិញ្ចឹម» ។

ជាមួយគ្នានេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មុខរបរចិញ្ចឹមខ្យងធម្មជាតិមិនត្រឹមតែធានាការផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅក្នុងខេត្ត និងបណ្តាខេត្តដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យកាន់តែល្អប្រសើរនៅក្នុងស្ថានភាពកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កសិដ្ឋានរបស់លោក ហាច ឆន មានអាងចិញ្ចឹមខ្យងចំនួន២០អាងហើយគ្រោងពង្រីកបន្ថែមឲ្យបាន១០០អាង ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ក្នុងខេត្ត និងបណ្តាខេត្តដទៃទៀត ៕

ខ្យង
ខ្យង
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post