កីឡា
អាម៉ាប៉ាប៉ាញ៉ូសCAMSOC-ភ្នំពេញ៖ កម្ពុជាកំពុងធ្វើដំណើរដោយស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយក្តីសង្ឃឹមបំផុត ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ នៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា»។
នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានជាតិ ក្រោយបញ្ចប់កិច្ចប្រជុំស្តីពីការត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ និងការរៀបចំក្រុមពិសេស សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយសហព័ន្ធកីឡាជាតិនានា។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា កិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ត្រូវបានផ្តោតលើ២ចំណុចសំខាន់ គឺទី១-បានផ្តល់ព័ត៌មានជាក់លាក់ជូនដល់សហព័ន្ធកីឡាជាតិនានា អំពី ការត្រៀមខ្លួនចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងទី២ គឺការដាក់ចេញនូវ យុទ្ធសាស្ត្ររៀបចំក្រុមពិសេសសម្រាប់ប្រភេទកីឡានីមួយៗ សម្រាប់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាជាតិទាំងអស់ត្រូវសម្រិតសម្រាំងក្រុមពិសេសរបស់ខ្លួន ដើម្បីបង្កើនគុណភាពកាន់តែខ្ពស់។
«ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺហ្គេមយុទ្ធសាស្ត្រនៃការបញ្ជាក់នូវលទ្ធភាពចំពោះប្រភេទកីឡារបស់កម្ពុជាយើង ដែលអាចបន្តចូលទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាន ឬមិនបានទៅលើលទ្ធផល បច្ចេកទេសនៃស៊ីហ្គេម លើកទី៣១ នេះហើយ។ ចំពោះលក្ខណៈពិសេសក្នុងការត្រៀមឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយកម្ពុជា សហការជាមួយអ្នកឯកទេសក្រៅប្រទេសនឹងរៀបចំក្រុមពិសេស ដែលសំដៅសម្រុកឆ្ពោះទៅគោលដៅដ៏ធំចម្បងរបស់ខ្លួន ដូចជាការត្រៀមឆ្ពោះទៅការប្រកួតអូឡាំពិកហ្គេម គឺត្រូវត្រៀម៤ឆ្នាំ ហើយកម្ពុជា ក្នុងការត្រៀមស៊ីហ្គេម ២០២៣នេះក៏ត្រៀមកម្លាំងពិសេសដូចគ្នាផងដែរ»។
គោលដៅយុទ្ធសាស្ត្រចំនួន៣ចំណុចសំខាន់ៗ ត្រូវបានឯកឧត្តមអះអាងថា ទី១-សហព័ន្ធកីឡាជាតិមួយ ត្រូវបង្កើតគោលការណ៍ យន្តការច្បាស់លាស់មួយផ្តល់ការគាំទ្រដល់ក្រុមនេះមានភាពកក់ក្តៅក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន។ ទី២-អភិវឌ្ឍបច្ចេកទេសដល់ក្រុមពិសេសនេះ ឲ្យមានគុណផលកីឡាកាន់តែខ្ពស់។ ទី៣-ត្រូវស្វែងរកនូវមូលនិធិ ដើម្បីទ្រទ្រង់ ឧបត្ថម្ភគាំទ្រទៅដល់ក្រុមពិសេសនេះ ដើម្បីសម្រួចគោលដៅបាញ់ឆ្ពោះទៅ ស៊ីហ្គេម ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលបានបញ្ជាក់ហើយ បញ្ជាក់ទៀតថា «យើងមិនដើរថយក្រោយទេ យើងឆ្ពោះទៅមុខជានិច្ច ដោយយើងសហការការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ហើយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដោយធ្វើយ៉ាងណារួមគ្នាធ្វើដំណើរដោយស្វាហាប់ យ៉ាងម៉ឺងម៉ាត់បំផុត ជាពិសេសគឺដំណើរប្រកបដោយក្តី សង្ឃឹមបំផុត ឆ្ពោះទៅជោគជ័យ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា»៕