សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

កសិករ ឡុញ ម៉ៅ ជាម្ចាស់កសិដ្ឋានចិញ្ចឹមរុក្ខជាតិអាហ្សូឡា នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានឲ្យដឹងថា រុក្ខជាតិអាហ្សូឡា គឺជាប្រភេទរុក្ខជាតិដុះអណ្តែតលើទឹក មានអត្ថប្រយោជន៍ច្រើន និងជាប្រភពចំណីរបស់មាន់ ទា យ៉ាងសំខាន់ ពោលគឺធ្វើឲ្យមាន់ ទា ឆាប់ធំធាត់ ឆាប់ទទួលបានផល និងមានពងច្រើនជាដើម ។

កសិកររូបនេះ បានបញ្ជាក់ថា ការចាប់យកអាជីពចិញ្ចឹមរុក្ខជាតិអាហ្សូឡា បានជួយកែប្រែជីវភាព របស់គាត់បានល្អប្រសើរជាងមុន តាមរយៈផលចំណេញពីការលក់ មាន់ ទា និងការលក់ពូជរុក្ខជាតិអាហ្សូឡានេះ ទៅឲ្យកសិករ នៅបណ្ដាលខេត្តនានា ដោយភាគច្រើន អ្នកដែលមកទិញ គឺជាប្រជាកសិករចិញ្ចឹមមាន់ ទា ត្រី កង្កែប អន្ទង់ កន្ធាយ យកទៅដាំបន្តសម្រាប់ផ្ដល់ជាចំណី ជំនួសការប្រើចំណីកែច្នៃ ដែលទិញពីក្រុមហ៊ុន។

លោក ឡុញ ម៉ៅ បានលើកឡើងដូច្នេះថា «ខ្ញុំលក់បាន ៣០០ ដុល្លារក្នុងមួយថ្ងៃ ហើយក្នុងមួយគីឡូលក់៦ ម៉ឺនរៀល ខ្ញុំលក់ទៅតាមបណ្ដាខេត្តនានា គឺលក្ខណៈថា ពេលយើងចិញ្ចឹមអាហ្សូឡាបានច្រើនទៅ គឺយើងបានកាត់បន្ថយការចំណាយលុយ បានដល់ទៅ ៧០ ភាគរយនៃការទិញចំណីពីគេ យើងមិនមានការកែច្នៃអាហ្សូឡាអ្វីនោះទេ ជាទូទៅគឺយើងដួសតែពីកន្លែងដាំ យកឱ្យមាន់ស៊ីតែម្ដង ពេលខ្លះគ្រាន់តែថា យើងលាយជាមួយកន្ទក់ ៣០ភាគរយ ឱ្យសត្វចិញ្ចឹមស៊ីតែម្តង »។

កសិករ ម៉ៅ បានចិញ្ចឹមអាហ្សូឡាក្នុងអាងធ្វើពីឈើ និងតង់កៅស៊ូចំនួន ៣២អាង ដោយអាងនីមួយៗមានទំហំទទឹង៣ម៉ែត្រ បណ្តោយ ៥ម៉ែត្រ ឬទទឹង២ម៉ែត្របណ្ដោយ ៤ម៉ែត្រ ។

គួរបញ្ជាក់ថា រុក្ខជាតិអាហ្សូឡាជាប្រភេទរុក្ខជាតិដុះក្នុងទឹក មានប្រភពមកពីប្រទេសឥណ្ឌា។ រក្ខជាតិប្រភេទនេះ អាចធ្វើជាចំណីសត្វចិញ្ចឹមដូចជា មាន់ ទា ត្រី កង្កែប អន្ទង់ កន្ធាយ ហើយវាធ្វើអោយសត្វចិញ្ចឹមឆាប់ធំធាត់បានល្អ ឆាប់ទទួលបានផល ទាំងសាច់ ទាំងពង និងអាចកាត់បន្ថយការចំណាយលើចំណីកែច្នៃពីក្រុមហ៊ុនបានច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor