កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង០៩ និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូប​មនុស្សស្រីនៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។

បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារនៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយ ដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះ មានទឹកប្រាក់យ៉ាងច្រើនទៅដល់ ៣.៥ លាន ដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

ហើយឱ្យជនរងគ្រោះអ្នកទទូលលុយនោះ នៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឱ្យជនរងគ្រោះផ្ញើអាសយដ្ឋានរបស់ជនរងគ្រោះទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឱ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹក ជញ្ជូនមកឱ្យជនរងគ្រោះបានឃើញជាមុនសិន ។

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល០៨ និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើ​លេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមក​ លេខទូរស័ព្ទជនរងគ្រោះម្តងទៀត ប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។

ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឱ្យជនរងគ្រោះផ្ញើលុយឱ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ ។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ ចំនួន១០០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)ថែមទៀត។

ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុម ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ត្រង់ចំណុចបុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣-ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-វត្ថុតាងចាប់យក៖ កុំព្យូទ័រចំនួន០៣គ្រឿង, ស៊ីមកាត (ប្រើរួច) មួយចំនួន ,ទូរស័ព្ទដៃចំនួន០៤គ្រឿង ,លិខិតឆ្លងដែនចំនួន០៤ក្បាល ,ឆ្នាំងសាកកុំព្យូទ័រចំនួន០៣, ម៉ូតូចំនួន០៣គ្រឿង ។

​រូបភាព​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor