
សេដ្ឋកិច្ច
អាម៉ាប៉ាប៉ាញ៉ូសកសិករដាំស្លឹកគូឆាយប្រមាណ៣០០ គ្រួសារ ស្ថិតក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រួយបារម្ភបាត់បង់ទីផ្សារ ដោយសារវិបត្តិជំងឺកូវីដ១៩។
អ្នកស្រី ព្រឿន ពេជ្រ បានត្អូញត្អែរថា៖« បញ្ហាកូវីដ១៩ ធ្វើឲ្យទីផ្សារធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ហើយពេលនេះកសិករគ្មានមុខរបរផ្សេងទៀតក្រៅពីការដាំស្លឹកគូឆាយនោះទេ»។
អ្នកស្រី លើកឡើងថា ភ្ញៀវទេសចរបានធ្លាក់ចុះ ដូច្នេះទីផ្សារស្លឹកគូឆាយក៏បាត់បង់ដូចគ្នា ព្រោះភាគច្រើនភ្ញៀវទេសចរបរទេសចូលចិត្ដទទួលទាន។
កសិកររូបនេះ បន្តថា កាលពីឆ្នាំ២០១៩ ដំាណាំស្លឹកគូឆាយ តែងតែមានឈ្មួញកម្មង់ទិញចាប់ពី៦០ ទៅ១០០គីឡូក្នុងមួយថ្ងៃ។ ស្លឹកគូរឆាយ អាចលក់បានតម្លៃ២៥០០រៀល ទៅ៤០០០រៀលក្នុង១គីឡូ មានស្លឹកគូឆាយប៉ុន្មាន គឺឈ្មួញប្រមូលទិញយកទាំងអស់ ដោយរបរនេះបានផ្គត់ផ្គង់ជីវភាពដល់កសិករបានល្អប្រសើរផងដែរ។ ប៉ុន្តែបច្ចុប្បន្នមានការធ្លាក់ចុះទីផ្សារ ដោយសារវិបត្តិកូវីដ១៩។ នេះជាការបញ្ជាក់របស់អ្នកស្រី ពេជ្រ។

ក្រុមកសិករ បានអំពាវនាវឲ្យអាជ្ញាធរ ជួយអន្តរាគមដោះស្រាយ ព្រមទាំងបង្កើតទីផ្សារឡើងវិញ ដើម្បីជួយសម្រួលជីវភាពគ្រួសាររបស់ពួកគាត់។

តាមការស្រាវជ្រាវឱ្យដឹងថា ស្លឹកគូឆាយផ្ដល់ប្រយោជន៍ដល់សុខភាពរាងកាយរបស់មនុស្សយ៉ាងច្រើនជាពិសេសស្លឹកគូឆាយមិនត្រឹមតែជាបន្លែដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាឱសថសំរាប់ព្យាបាលអាការរោគមួយចំនួនបានទៀតផងមានដូចជា ៖
ទី១-បំបាត់អាការហើមពោះ ៖ ជាធម្មតាស្លឹកគូឆាយជួយបន្ថយអាការហើមពោះ និងចុកពោះ ។ គេយកស្លឹកវាបុកឱ្យម៉ដ្ឋរួចច្របាច់យកតែទឹកវាមកពិសា ឬយកវាទទួលទានតែម្ដងក៏បានព្រោះថា គូឆាយមានសារធាតុសរសៃច្រើនដែលជួយឱ្យពោះវៀនមានដំណើរការល្អ ។
ទី២-ជួយកាត់បន្ថយអាការហើមជាំ ៖ គេយកស្លឹកគូឆាយទៅបុកឱ្យម៉ដ្ឋរួចយកទៅបិទពីលើបរិវេណដែលមានអាការជាំសំរាប់កាត់បន្ថយការឈឺចាប់ និងជួយបំបាត់កុំឱ្យឈាមកកនៅបរិវេណប៉ះទង្គិច ។
ទី៣-ជួយបំបាត់អាការស្ទះនោម ៖ គេយកគ្រាប់គូឆាយទុំ(គ្រាប់ស្ងួត)ទៅស្ងោរ ឬធ្វើជាថ្នាំគ្រាប់សំរាប់ទទួលទានក៏បានដែលជួយឱ្យអ្នកកើតអាការស្ទះនោមអាចនោមបានស្រួលវិញ ។
ទី៤-ព្យាបាលជំងឺអំបៅអំបែក ៖ បើលោកអ្នកមានជំងឺអំបៅអំបែកក្នុងត្រចៀកនោះលោកអ្នកគ្រាន់តែប្រើទឹកដែលបានពីការច្របាច់ស្លឹកគូឆាយស្រស់ទៅលាបនៅក្នុងរន្ធត្រចៀកក៏អាចព្យាបាលបានដែរ ។
ទី៥-ធ្វើជាគ្រឿងប៉ូវក្នុងទឹកដោះ ៖ កាលពីសម័យបុរាណមនុស្សជាច្រើនមានជំនឿថា ម្ដាយដែមានកូនតូចបំបៅទទួលទានសម្លស្លឹកគូឆាយដើម្បីជួយបន្ថែមជីវជាតិដល់ទឹកដោះដែលអាចផ្ដល់ថាមពលរឹងមាំដល់ទារក ៕



