
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ ក្រោយពីផ្ទុះឡើងនូវព័ត៌មាន ថា លោក ញ៉ សុខហេង ថៅកែហាងសាច់អាំង ហេង ហេង នៃខណ្ឌទួលគោកបើករថយន្ត Land Cruiser បំបុក រថយន្ត Prus យ៉ាងសាហាវកាលពីពេលថ្មីៗនោះ ពេលនេះថៅកែហាងរូបនេះ ថ្លែងប្រាប់សារព័ត៌មាន ពីប្រទេសថៃ ថាលោកមិនបានស្ថិតក្នុងកន្លែងកើតហេតុទេ ពោលគឺលោកមិនបានបើកឡានបំបុកគេនោះទេ គឺ កូនចៅលោកជាអ្នកបើក ដែលពេលនេះបានរត់គេចខ្លួនបាត់ហើយ ហើយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកកំពុងស្ថិតនៅប្រទេសថៃ ដោយមានឯកសារមកបញ្ជាក់ និង រូបភាពជាភស្តុតាងស្រាប់ ។
លោកបានបន្ថែមឲ្យដឹងទៀតថា ក៏បានពឹងពាក់ឲ្យមេធាវីចូលដោះស្រាយផងដែរ ដោយមិនបានធ្វើការព្រងើយកន្តើយ ឬ មិនទទួលខុសត្រូវ នោះទេ ទោះបីលោកមិនមែនជាជនបង្កក៏ដោយ ។
បើតាមលោកមេធាវីតំណាងឲ្យ លោក ញ៉ សុខហេង បានឲ្យដឹងថា បញ្ហានេះ គឺដោះស្រាយ តាំងពីនៅខណ្ឌទួលគោក រហូតដល់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែមិនត្រូវរ៉ូវគ្នា ដោយសារភាគីខាងជនរងគ្រោះទាមទារសំណងរហូតដល់ជាង១ម៉ឺនដុល្លារ ខណៈដែលលោកព្រមជួសជុលឡានឡើងវិញ និង ព្រមសងសំណងចំនួន២ពាន់ដុល្លារ តែខាងជនរងគ្រោះនៅតែមិនព្រមទទួល តែក្រោយចរចារគ្នាមិនត្រូវ ទើបភាគីខាងជនរងគ្រោះទម្លាយរឿងនេះដល់បណ្តាញសារព័ត៌មាន ឈានដល់ការផ្សព្វផ្សាយ ខណៈលោក ញ៉ សុខហេង មិនមែនជាជនបង្កនោះទេ ។
លោកមេធាវី សង្កត់ធ្ងន់ថា កូនក្តីលោកពិតជាមិនបានបើកឡានបំបុកគេប្រាកដមែន ហើយលោកនឹងធ្វើរឿងនេះបន្តទៀត ដើម្បីផ្តល់ភាពស្អាតស្អំ ជូនលោក ញ៉ សុខហេង និង បន្តដោះស្រាយជាមួយភាគីជនរងគ្រោះ ដោយសន្តិវិធីគ្រប់ដំណាក់កាល ។





