header ads

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន បានចូលដល់ក្នុងសហគមន៍ ហើយជំងឺកូវីដ-១៩ មិនទាន់រីករាលដាលដល់សហគមន៍ឡើយ ដូច្នេះ អាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន និងផ្សព្វផ្សាយអំពីការការពារជំងឺកូវីដ-១៩។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «កម្ពុជាមកដល់ពេលនេះមានជំងឺកូវីដ-១៩ មានជាង២០០នាក់ ហើយជំងឺភាគច្រើននាំចូលពីក្រៅ ហើយចំណុចសំខាន់មិនមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ហើយព្យាបាលបានទៀត»។

សម្ដេចក្រឡាហោមបន្ដថា ជំងឺកូវីដ-១៩នៅកម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ នៅតាមជនបទឡើយ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ គ្រប់ពេលវេលា។ សម្ដេចបន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលដែនដី ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួន បានរួមគ្នាខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្រៀបដល់ជនបទហើយ។ ខ្ញុំបានពិនិត្យរបាយការណ៍ប្រចាំថ្ងៃរបស់ ខេត្តទាំងអស់ គឺខ្ញុំកត់សម្គាល់បញ្ហាទាំងប៉ុន្មាននឹងទេ ជាពិសេស បញ្ហាគ្រឿង បញ្ហាចរាចរណ៍»។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀនរាលដាលក្នុងសហគមន៍កាន់តែខ្លាំង នាំឲ្យពិបាកធ្វើទប់ស្កាត់។សម្ដេចថា នាពេលកន្លងមក អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើយ៉ាងច្រើន ផងដែរ។

ដោយឡែក សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា នៅពេលមិនទាន់រឹតបន្ដឹងច្បាប់ចរាចរណ៍ មានអ្នកស្លាប់ក្នុងមួយថ្ងៃចាប់ពី ៦នាក់ ទៅ៧នាក់ ក្រោយរឹតបន្ដឹងច្បាប់ចរាចរណ៍មានស្លាប់ក្នុងមួយថ្ងៃ ២-៣-៤នាក់។ សម្ដេចបន្ថែមថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ មិនអាចលុបបំបាច់ មិនឲ្យមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ១០០% បានឡើយ៕

@Amapapa.News
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post