លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅក្នុងសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ទរណ៍បន្តទៀត។ ដំណាក់កាលឧទ្ទរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម ដែលកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាមគឺកិច្ចព្រមព្រៀងធ្វើបត្យាប័ន និងផ្ទេរទណ្ឌិត។ ចំពោះការធ្វើបត្យាប័ន នោះកម្ពុជានឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។
ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្តបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។ ដូច្នេះសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។ ប្រភព លោក ផែង វណ្ណៈ