
សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្រ្តីការបរទេសជប៉ុនបានលើកឡើងថា ប្រទេសកម្ពុជាមានធនធានមនុស្សប្រៀបដូចជាកំពូលនៃប្រាសាទអង្គរវត្ត និងប្រាសាទអង្គរធំ ដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឲ្យខ្ពស់។ ម៉្យាងវិញទៀត ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ ដោយសារការរួមរស់ជាមួយគ្នា និងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិ និងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។
លោកថា៖«ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជា អាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួន ដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង។ ខ្ញុំទន្ទឹងរង់ចាំនឹងជួបពិភាក្សាយ៉ាងស្មោះអស់ពីចិត្តជាមួយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីបន្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសយើងទាំងពីរកាន់ តែរីកចម្រើនថែមទៀត»។
សារបស់លោករដ្ឋមន្រ្តីការបរទេសជប៉ុននេះ ត្រូវផ្សព្វផ្សាយដោយស្ថានទូតជប៉ុននៅកម្ពុជានៅថ្ងៃទី២១សីហានេះ និងស្របពេលលោកមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ដើម្បីស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ។
លោកបន្ថែមថា ប្រទេសទេសកម្ពុជាស្ថិតនៅទីកណ្តាលនៃច្រករបៀងសេដ្ឋកិច្ភាគខាងត្បូង ដែលតភ្ជាប់តំបន់មេគង្គ និងពាក់កណ្តាលនៃចំនួនប្រជាជនជាយុវជនវ័យក្មេងនិងស្វាហាប់អាយុក្រោម២៥ឆ្នាំ ដែលនេះជាសក្តានុពលធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកាន់តែស៊ីជម្រៅថែមទៀត។
លោកក៏កើតសរសើរដល់ប្រទេសកម្ពុជាដែលកំពុងគ្រប់គ្រងបាននូវការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបញ្ជាក់ថាប្រទេសជប៉ុនកំពុងចូលរួមចំណែកជួយដល់កម្ពុជា តាមរយៈការផ្តល់សម្ភារៈពេទ្យ ដូចជាអាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម ការផ្តល់បរិក្ខារវេជ្ជសាស្រ្ត បញ្ជូនក្រុមវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
លោកថា៖«ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត យើងនឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។ ម៉្យាងវិញទៀត ខ្ញុំក៏មានបំណងជម្រុញនូវសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការរីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់ផងដែរ»។