ភ្នំពេញ៖ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែងញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា នៅយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោក គុជ គឹមឡុង បន្តថា៖ លោក រ៉ុង ឈុន ពិតជាត្រូវបានឃាត់ខ្លួនមែន ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ពេលនេះលោក រ៉ុង ឈុន ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។