សុខភាព
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី០១សីហានេះថា យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្ររបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានករណីជំងឺគ្រុនឈីកចំនួន ១០២០ ករណី ក្នុងនោះស្ត្រីមានចំនួន៥៦២នាក់ ស្មើនឹង៥៥ភាគរយ។
បើតាមក្រសួងសុខាភិបាល ជំងឺគ្រុនឈីកនេះ បានកើតឡើងនៅតាមបណ្តាខេត្តចំនួន១២ នៅទូទាំងប្រទេស ក្នុងនោះចំនួនករណីជាង៨០ភាគរយ កើតមានក្នុងខេត្តចំនួន៤រួមមាន ៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ ចំណែកខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀតរួមមាន ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍នៅក្នុងសេចក្តីជូនដំណឹងនោះថា «ការទប់ស្កាត់ និងការការពារជំងឺគ្រុនឈាមនេះ គឺវាដូចនឹងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឲ្យមូសខ្លាញីខាំ តាមរយៈការលុបបំបាត់វត្ថុដក់ទឹកដែលជាជម្រក នៃការកកើតសត្វមូសនេះ»។
ដើម្បីការពារសុខភាព ចៀសផុតពីការឆ្លងជំងឺគ្រុនឈីក ដោយសារសត្វមូសខ្លាញីខាំឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានផ្ដល់អនុសាសន៍ និងធ្វើការណែនាំជូនដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការចូលរួម និងចលនាកាត់បន្ថយ ទប់ស្កាត់ការកកើត តាមរយៈការអនុវត្តវិធានការដូចខាងក្រោម ៖
ទី១-អាណាព្យាបាលមាតាបិតាកុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមកន្លែងដែលមានទឹកដក់ ទុកចោលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុង កាហ្វេជ័រ ត្រូវកប់ ដុត កម្ទេចចោល ឬទុកដាក់ឲ្យមានរបៀប ដើម្បីកុំឲ្យមានទឹកដក់។
ទី២-ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសំបែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរសំលៀកបំពាក់ក្នុងក្រៅផ្ទះឲ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ ក្នុងពេលថ្ងៃគឺចាំបាច់ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅទីកន្លែងងងឹតនោះទេ។
ទី៣-ករណីមានរោគសញ្ញាក្រៅខ្លួនខ្លាំងភ្លាមៗត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុត ហើយសូមកុំសាកល្បងព្យាបាលជំងឺគ្រុនក្តៅខ្លាំងដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ។
ទី៤-គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ ត្រូវចាត់ចែងការផ្ដល់សេវា និងកន្លែងសម្រាកព្យាបាលជំងឺគ្រុនឈាមនៅក្នុងមន្ទីរពេទ្យឲ្យបានល្អ និងត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀតក្នុងករណីដែលមានអ្នកជំងឺច្រើនហួសសមត្ថភាព ដោយមិនទុកឲ្យអ្នកជំងឺណាម្នាក់មានការយឺតយ៉ាវក្នុងការទទួលបាននូវសេវាពិនិត្យនិងព្យាបាលឡើយ និង
ទី៥-គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្តទាំង២៥ត្រូវ ជំរុញដោយមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍នៅក្នុងសមត្ថកិច្ចរបស់ខ្លួនដើម្បីពិនិត្យ ដាក់ចេញនូវវិធានការនានា ព្រមទាំងជំរុញការធ្វើការផ្សព្វផ្សាយសាអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម និងចលនាឲ្យមានការគាំទ្រចូលរួមយ៉ាងសកម្មទូលំទូលាយក្នុងការប្រយុទ្ធនឹងជំងឺនេះនៅក្នុងសហគមន៍។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានធ្វើការអំពាវងាវដល់ស្ថាប័នក្រសួងមន្ទីរ ឬអង្គភាពពាក់ព័ន្ធអង្គការសុខភាពពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ ចូលរួមជួយអន្តរាគមន៍ និងសហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏ដូចជាជួយដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅតាមសហគមន៍ដែលកំពុងតែផ្ទុះឡើងនេះឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ចៀសផុតពីការរាតត្បាតពីកន្លែងមួយទៅកន្លែងមួយទៀត៕