សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងមហាផ្ទៃបានបញ្ចប់ការតាក់តែងបឋមនៃច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈ ហើយកាលពីខែមិថុនាបានបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិនៅតាមបណ្ដាខេត្តទាំងអស់ ពិនិត្យនិងកែសម្រួលចុងក្រោយ មុនដាក់ជូនទៅរដ្ឋាភិបាល។

ក្រសួងមហាផ្ទៃបញ្ជាក់ថា ច្បាប់នេះ អាចនឹងត្រូវចូលជាធរមាននៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ ប្រសិនបើការយល់និងអនុម័តដោយក្រសួងពាក់ព័ន្ធនានានិងរដ្ឋសភា។

សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៣មាត្រា និងមានគោលបំណង ដើម្បីធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

នៅក្នុងសេចក្ដីព្រាងច្បាប់នេះបានចែងអំពីការរឹតត្បិត ដូចជាស្រ្ដីត្រូវបានហាមឃាត់ការស្លៀកពាក់ខ្លីពេករហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរភេទ ឬការស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ បុរសមិនត្រូវដោះអាវឱ្យខ្លួនទទេរនៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ដើម្បីបង្ហាញកេរខ្មាស។

សកម្មភាពហាមឃាត់នៅតាមទីសាធារណៈផ្សេងទៀត ដូចជាការរស់នៅលើចិញ្ចើមផ្លូវ ការសុំទាន ការបង្ហូរចោលកាកសំណល់នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មានឬរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណីនិងសាសនា។

ហាមឃាត់ការខាកស្ដោះនៅតាមផ្លូវនិងទីសាធារណៈ ការបង្ទោរបង់ក្រៅបង្គន់អនាម័យ ការចោលសំរាមឬខ្មោចសត្វនៅរាយប៉ាយតាមផ្លូវ ការសង់រោងការឬរោងបុណ្យនៅតាមទីសាធារណៈឬតាមដងផ្លូវដោយគ្មានការអនុញ្ញាត ហាមឃាត់ការជះទឹកឬការប៉ាត់ម្ស៉ៅ មិនប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងរំខានដល់អ្នកដទៃ អនីតិជនអាយុក្រោម១៨ឆ្នាំត្រូវបានហាមឃាត់ប្រើប្រាស់គ្រឿងស្រវឹងនិងចូលក្លឹបកម្សាន្ត ហាមឃាត់ការលក់គ្រឿងស្រវឹងពីម៉ោង១២អធ្រាត្រដល់ម៉ោង៦ព្រឹក។

លោក អ៊ុក គឹមឡេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលដឹកនាំដំណើរការធ្វើសេចក្តីព្រាងច្បាប់នេះបានមានប្រសាសន៍ថា ច្បាប់នេះគឺមានភាពចាំបាច់សម្រាប់ថែរក្សាវប្បធម៌ប្រពៃណី។ លោកបន្តថា វាគឺជារឿងល្អ ប្រសិនការស្លៀកពាក់មិនខ្លីជាងពាក់កណ្ដាលជង្គង់។

ប៉ុន្តែក្រុមសិទិ្ធមនុស្សបានព្រួយបារម្ភថា ច្បាប់ថ្មីនេះអាចធ្វើឱ្យស្ត្រីប្រឈមនឹងការយាយីផ្លូវភេទ និងអំពើហឹង្សាបន្ថែមទៀត តាមរយៈការស្តីបន្ទោសចំពោះជម្រើសរបស់ពួកគេក្នុងការស្លៀកពាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor