ករណីមន្ត្រីយោធា បើករថយន្តទំនើបរបស់ខ្លួនបុកពលរដ្ឋម្នាក់ស្លាប់ ហើយរត់គេច កាលពីជិត ៤ខែមុន ទោះបីជាគ្រួសារជនបង្កបានបង់សំណងជូនគ្រួសារជនរងគ្រោះរួចហើយក្តី បើតាម លោក ឆាយ គឹមខឿន អ្នកនាំពាក្យស្នងការនគរបាលជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ច នៅមិនទាន់រកឃើញ និងចាប់ខ្លួនអ្នកបង្ក មកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយទេ ដែលសមត្ថកិច្ចកំពុងបន្តតាមចាប់។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីយោធាពាក់ស័ក្តិ៥ លោក ឈុន សារ៉េត បានបើកថយន្តម៉ាកហ្វត (Ford) បុកម៉ូតូរបស់បុរសកម្មកររោងចក្រម្នាក់អាយុ ៣០ឆ្នាំ បណ្ដាលឱ្យស្លាប់។
គ្រោះថ្នាក់នោះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ វីដេអូឃ្លីបដែលគេថតបានពីហេតុការណ៍នោះ បង្ហាញថា ពេលបុកម៉ូតូជនរងគ្រោះរួចហើយនោះ ម្ចាស់រថយន្តជាមន្ត្រីយោធា បានចុះទៅទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញទៅដោយសុវត្ថិភាព ដោយមិនខ្វល់ពីជនរងគ្រោះ ឬហៅឡានពេទ្យឱ្យទៅជួយសង្គ្រោះឡើយ គឺទុកឱ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀង។
ក្រោយកើតហេតុ គ្រួសារជនបង្ក បានព្យាយាមចរចាផ្ដល់សំណង ៣ពាន់ដុល្លារ ដល់គ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ប៉ុន្តែគ្រួសារជនរងគ្រោះមិនព្រម និងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ។ ទីបំផុតគ្រួសារជនបង្ក សម្រេចផ្ដល់សំណង១ម៉ឺន ៥ពាន់ដុល្លារ និងឱ្យគ្រួសារជនរងគ្រោះ ដកបណ្ដឹងចេញពីតុលាការនោះវិញ កាលពីដើមខែមិថុនា។