header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

លោកស្រី ឱ វណ្ឌឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានអះអាងនៅព្រឹកមិញថា កម្ពុជាមានពិតជាមានការករណីលាប់ជំងឺកូវីដ១៩ឡើងវិញនៅក្នុងខេត្តត្បូងឃ្មុំពិតប្រាកដមែន ដូចការអះអាងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តនេះ ហើយការលាប់ជំងឺនេះ គឺកើតមានគ្រប់ប្រទេសទាំងអស់។

លោកស្រី ឱ វណ្ណឌីន ថា៖«ខ្ញុំសូមបញ្ជាក់ជូនថា ករណីនៅខេត្តត្បូងឃ្មុំនេះ គឺជាករណីលាប់ពិតប្រាកដមែន ដូចលោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍រួចហើយ។ អ្វីដែលខ្ញុំចង់ជម្រាបជូន គឺក្រសួងសុខាភិបាលចេញសេចក្ដីជូនព័ត៌មាន គឺបញ្ជាក់តែអំពីករណីថ្មីទេ។ ហើយករណីលាប់នេះ មិនមែនមានតែប្រទេសយើងទេ គឺប្រទេសលើសកលលោក ក៏មានលាប់ដែរ»។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានបញ្ជាក់នៅថ្ងៃចន្ទទី១០សីហានេះថា បុរសជនជាតិខ្មែរម្នាក់នៅភូមិ ទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ គឺបានលាប់ជំងឺឡើងវិញនៅថ្ងៃទី៧សីហា ក្រោយពីរូបគេត្រូវព្យាបាលជាសះស្បើយនិងអនុញ្ញាតចេញពីមន្ទីរពេទ្យត្រឡប់មកផ្ទះវិញតាំងពីចុងខែកក្កដា។

លោកបញ្ជាក់ថា បុរសរូបនេះ គឺអ្នកដំណើរមកពីក្រៅប្រទេស និងមកដល់កម្ពុជាវិញកាលពីថ្ងៃទី១០កក្កដា ប៉ុន្តែការធ្វើតេស្ដលើកទី១មានលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ គឺត្រូវឱ្យវើចត្តាឡីស័កនៅភ្នំពេញ ប៉ុន្តែក្រោយពីធ្វើតេស្ដលើកទី២វិជ្ជមាន គឺត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ រហូតព្យាបាលសះស្បើយនិងអនុញ្ញាតឱ្យចេញមកផ្ទះកាលពីថ្ងៃទី២៨កក្កដា ក្រោយពីការធ្វើតេស្ដលើកទី៤និងលើកទី៥អវិជ្ជមាន។ លោកថា៖«គាត់ត្រូវគេធ្វើតេស្ដលើកទី១ អវិជ្ជមាន និងធ្វើចត្តាឡីស័កនៅភ្នំពេញ ប៉ុន្តែដល់ពេលមើលលើកទី២វិជ្ជមាន បានគេយកគាត់ទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ មើលលើកទី៣ វិជ្ជមានទៀត ហើយគេអត់ទាន់ឱ្យចេញទេ រហូតដល់ថ្ងៃទី២៣(កក្កដា) គេចាប់ផ្ដើមធ្វើតេស្ដម្ដងទៀតអវិជ្ជមាន រហូតដល់ថ្ងៃទី២៦ គេមើលម្ដងទៀតអវិជ្ជមានទៀត ហើយរហូតដល់ថ្ងៃទី២៨ ទើបត្រូវបានអនុញ្ញាតឱ្យចេញមកផ្ទះ»។

លោកបន្តថា រាល់អ្នកជំងឺកូវីដ១៩ដែលព្យាបាលជាសះស្បើយទាំងអស់ គឺត្រូវបន្តស្ថិតក្រោមការតាមដានសុខភាពពីសំណាក់គ្រូពេទ្យ ហើយកាលពីថ្ងៃថ្ងៃទី៧សីហា បុរសនៅខេត្តត្បូងឃ្មុំនោះ ត្រូវបានយកសំណាកមកធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រលើកទី៦ ហើយនៅថ្ងៃទី៨សីហាចេញលទ្ធផលវិជ្ជមាន។

លោកបន្ថែមថា ក្រោយពីដឹងដំណឹងភ្លាម បុរសរូបនេះយកពីផ្ទះមកសម្រាកព្យាបាលវិញនៅមន្ទីរពេទ្យ ខណៈក្រុមគ្រួសារនិងសាច់ញាតិចំនួន៤៣នាក់នៅភូមិទួលថ្មី ដែលក្នុងនោះ៩នាក់ប៉ះពាល់ផ្ទាល់ត្រូវបញ្ជូនមកធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន សួង និង៣៦នាក់ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាក្នុងភូមិទួលថ្មី។ លោកថា៖«ករណីលាប់ហ្នឹង មិនមែនជាករណីធ្ងន់ធ្ងរទេ គ្រាន់តែថា មេរោគរបស់គាត់ហ្នឹង រកឃើញឡើងវិញ ប៉ុន្តែមិនទាន់កំណត់និយមថាលាប់នៅឡើយទេ»។

យោងតាមការអះអាងរបស់អាជ្ញាធរបញ្ជាក់ថា បុរសលាប់ជំងឺកូវីដ១៩ឡើងវិញនេះ គឺមានអាយុ២៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសអារាប៊ីសាអូឌីត ។ ក្រោយការព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ១៤ថ្ងៃ និងតេស្តអវិជ្ជមាន២លើក គាត់ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយផ្ទះនៅខេត្តកណ្តាលតូច ពុំមានបន្ទប់ធ្វើចត្តាឡីស័កដោយខ្លួនឯង អ្នកជំងឺបានមកស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុកកំណើត ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ និងខេត្តត្បូងឃ្មុំនៅថ្ងៃទី២៧ ខែកក្កដា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post