header ads

Sponsor

ឧត្តរមានជ័យ៖ ការលួចដាក់អន្ទាក់ និងការប្រមាញ់សត្វព្រៃ នៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត នៅតែបន្តកើតមាន ទោះជាមានការហាមឃាត់យ៉ាងណាក្តី។ នេះបើតាមការលើកឡើងរបស់ ព្រះតេជគុណ ប៊ុន សាលួត ព្រះប្រធានព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត។ ព្រះតេជគុណមានសង្ឃដីការថា ដើមឡើយ នៅក្នុងព្រៃសង្ឃរុក្ខវ័ន្តនេះ មានបទល្មើសកើតឡើងជាច្រើន ដូចជា ការដាក់អន្ទាក់ចាប់សត្វព្រៃ  ការបរបាញ់ និងឆក់ ជាដើម។

ប៉ុន្តែបន្ទាប់ពីព្រះតេជគុណទទួលបានកម្លាំងល្បាតបន្ថែមពីអាជ្ញាធរខេត្ត ជាពិសេស គឺមានការចូលរួមយ៉ាងសកម្មពីមន្រ្តី ឧទ្យានុរក្ស របស់មន្ទីរបរិស្ថាន ដែលបានចុះល្បាតញឹកញាប់ និងយកចិត្តទុកដាក់ខ្លាំង ទើបសកម្មភាពការបរបាញ់ និងប្រើឧបករណ៍ឆក់ យកសត្វព្រៃ ក្នុងព្រៃសង្ឃរុក្ខវ័ន្ត មានការថមថយនារយៈពេលចុងក្រោយនេះ។ 

ព្រះអង្គមានសង្ឃដីការដូច្នេះថា « ដោយពេលខ្លះព្រានព្រៃ បានប្រើប្រាស់អន្ទាក់ក្នុងប្រមាញ់សត្វព្រៃ ហើយមានការភ័យខ្លាច ក្នុងការត្រលប់មកមើលអន្ទាក់របស់ខ្លួនវិញ ទើបពេលខ្លះយើងប្រទះឃើញមានសាកសពសត្វបានជាប់ ងាប់ស្អុយរលួយនៅក្នុងអន្ទាក់របស់ពួកគេកន្លងមក » ។ 

ព្រះអង្គបានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់សកម្មភាពប្រមាញ់សត្វព្រៃ នៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត ហើយចូលរួមថែរក្សា និងអភិរក្សទាំងអស់គ្នា។ 

ជាមួយគ្នានេះ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មន្រ្តីឧទ្យានុរក្សមានការលំបាកក្នុងការដើរល្បាតការពារព្រៃសង្ឃរុក្ខវ័ន្ត ជាពិសេសនៅក្នុងប្រទេសជួបវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រព្រឹត្តបទល្មើស លួចកាប់ឈើប្រណិត ការដាក់អន្ទាក់ ជាក់ស្តែងកន្លងកមក មានសត្វទន្សោង និងសត្វព្រៃមួយចំនួនទៀត បានជាប់ក្នុងអន្ទាក់ព្រានព្រៃរហូតដល់ស្អុយរលួយជាដើម។ 

លោកប្រធានមន្ទីរបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហាបទល្មើសនេះ កន្លងមកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់រួចហើយដែរ។

បើតាមលោក ភួង លីណា ជំហានបន្ទាប់មន្ទីរបរិស្ថាន បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋ យល់ដឹងឲ្យបានច្បាស់ពីច្បាប់សម្លាប់សត្វព្រៃ និងការទទួលខុសត្រូវមុខច្បាស់ ដើម្បីកាត់បន្ថយការប្រព្រឹត្តបទល្មើសនៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត ហើយត្រូវចូលរួមថែរក្សាធនធានធម្មជាតិទាំងអស់គ្នា ។ 

ចំណែកលោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងនៅក្នុងទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៦ នៅព្រៃសង្ឃរុក្ខវ័ន្ត កាលពីថ្ងៃទី ៩ ខែសីហា ដោយស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាធនធានធម្មជាតិ នៅក្នុងព្រៃសង្ឃរុក្ខវ័ន្ត និងចូលរួមសកម្មភាពនានា ជាមួយក្រុមល្បាតព្រៃ ដើម្បីការពារធនធានធម្មជាតិ ដែលជាសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានប្តេជ្ញាថា នឹងបន្តជួយគាំទ្រកម្លាំងល្បាត នៅតំបន់អភិរក្សព្រៃសង្ឃរុក្ខវ័ន្តនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post