
សង្គម
អាម៉ាប៉ាប៉ាញ៉ូសមណ្ឌលគិរី ៖ វាលស្មៅលើកំពូលភ្នំពណ៌ខៀវស្រងាត់ និងដើមស្រល់រាប់លានដើម ដែលគ្របដណ្ដប់លើភ្នំតូចធំរាប់ពាន់ភ្នំ ជាទេសភាពល្អឯកដាច់គេគ្មានពីរ នៅកម្ពុជា កំពុងទាក់ទាញចំណាប់អារម្មណ៍ទេសចរ តែវាក៏កំពុងស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងដោយបុគ្គលផងដែរ ដែលកំពុងព្យាយាមគ្រប់មធ្យោបាយ ដើម្បីយកតំបន់ទាំងនេះជាកម្មសិទ្ធិ។
ខេត្តមណ្ឌលគិរី ដែនដីឦសាន នៃប្រទេសកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាគោលដៅដំណើរកម្សាន្តដ៏ ពេញនិយមរបស់ភ្ញៀវទេសចរជាតិស្ទើរតែទូទាំងប្រទេស។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត ចំនួនទេស ចរ បានកើនឡើងមិនឈប់ឈរ ធ្វើឲ្យខេត្តមណ្ឌលគិរី មានឈ្មោះល្បីខ្លាំងឡើង ហើយកត្តាដែលធ្វើឲ្យខេត្តមួយនេះល្បី ល្បាញយ៉ាងឆាប់រហ័សនោះ គឺដោយសារតែអាកាសធាតុត្រជាក់ និងកត្តាចម្បងមួយទៀត គឺទិដ្ឋភាពវាលស្មៅលើកំពូល ភ្នំពណ៌ខៀវស្រងាត់ និងដើមស្រល់រាប់លានដើម ដែលគ្របដណ្ដប់លើភ្នំតូចធំរាប់ពាន់ភ្នំ ជាទេសភាពល្អឯកដាច់គេគ្មានពីរ នៅកម្ពុជា។

តំបន់ដែលមានទេសភាពវាលភ្នំលាតសន្ធឹងដាច់កន្ទុយភ្នែកអមជាមួយវាលស្មៅ និងដើមស្រល់ ដែលកំពុងទាញ អ្នកទេសចររាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ គឺស្ថិតនៅចំណុចព្រំប្រទល់ នៃក្រុងសែនមនោរម្យ និងស្រុកអូររាំង។ សេចក្ដីរាយ ការណ៍ជាច្រើន បានឱ្យដឹងថា ចំណុចវាលភ្នំស្មៅទាំងនេះ រាប់ពាន់ហិកតា កំពុងក្លាយជាទីតាំងក្ដៅគគុកពាក់ព័ន្ធនឹងជម្លោះ ដីធ្លី។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានលួចបង្ហើបថា ផ្ទៃដីចម្ការស្រល់ជាកម្មសិទ្ធិរដ្ឋ រាប់រយហិកតា ត្រូវបាន គ្រប់គ្រងដោយឯកជន។ អាជ្ញាធរខេត្តមណ្ឌលគិរី កំពុងមានវិធានការដកហូតតំបន់ទាំងនោះមកវិញ ប៉ុន្តែមិនដឹងថាធ្វើ បាន ឬអត់ទេ ព្រោះដីទាំងនោះសុទ្ធជាដីរបស់អ្នកធំមានអំណាច ហើយបើដកហូតតែដីប្រជាពលរដ្ឋតូចតាច មិនយកដី អ្នកធំ គឺអយុត្តិធម៌ណាស់។

ប្រភពពីជនជាតិដើមភាគតិចព្នង នៅក្រុងសែនមនោរម្យ បានបញ្ជាក់ថា ពីដើមឡើយ តាំងពីដូនតាពួកគេ ភ្នំវាល ស្មៅ ឬហៅថាភ្នំត្រងោល លាតសន្ធឹងលើផ្ទៃដីឃុំដាក់ដាំ ឃុំសែនមនោរម្យ ស្រុកអូររាំង និងក្នុងសង្កាត់ស្ពានមានជ័យ សង្កាត់រម្យនា ក្រុងសែនមនោរម្យ មិនមានមនុស្សរស់នៅទេ និងមិនមានម្ចាស់កម្មសិទ្ធទៀតផង ព្រោះតំបន់ភ្នំធ្វើចម្ការ មិនកើត គ្មានប្រភពទឹក មិនអាចរស់នៅបាន ដោយជនជាតិភាគតិចរស់នៅតាមតែជ្រលងអូរ និងតំបន់ដែលមានប្រភព ទឹកប៉ុណ្ណោះ។ ក្រោយពេលដីវាលភ្នំស្មៅទាំងនោះ ធ្លាក់ចូលជាកម្មសិទ្ធបុគ្គល គេបានកែច្នៃដី និងសង់សំណង់ផ្សេងៗ ដែលបានធ្វើឲ្យទិដ្ឋភាពដែលដុះឡើងពីធម្មជាតិដ៏កម្រ បាត់បង់សោភ័ណភាព ខូចទ្រង់ទ្រាយដើម ដែលគួរឲ្យសោកស្ដាយ បំផុត។ ប្រជុំភ្នំដែលគ្របដោយស្មៅខៀវស្រងាត់ គឺមានតែប៉ុន្មានម៉ឺនហិកតាប៉ុណ្ណោះ ក្នុងភូមិសាស្ត្រក្រុងសែនមនោរម្យ និងស្រុកអូររាំង ប្រសិនបើមិនមានការទប់ស្កាត់ទេ និងបាត់បង់សក្ដានុពល ដ៏ល្អប្រណីតមួយរបស់ប្រទេសកម្ពុជា ហើយអ្នកទេសចរក៏អាចនឹងថយចុះតាមនោះដែរ៕




