
សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ៖ លោក លឹម វណ្ណច័ន្ទ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បានរកឃើញផូស៊ីលត្រីក្នុងភ្នំស្វាយ ខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០១៩ ដែលជាសំណាកត្រីកប់ក្នុងដីយូរអង្វែងហើយប្រែក្លាយទៅជាថ្មកំបោរ។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែសីហា សំណាកត្រីនេះសល់ផ្នែកខាងក្បាល មានភ្នែក និងព្រុយ ហើយនៅពាក់កណ្តាលខ្លួនបែកមួយកំណាត់ផ្នែកកន្ទុយ ដែលយើងអាចមើលឃើញស្នាមពណ៌ក្រហម មានទំហំប្រមាណ ៣សង់ទីម៉ែត្រ បណ្តោយ ៨សង់ទីម៉ែត្រ និងមានសំណាកផូស៊ីលផ្សេងៗជាច្រើនទៀត នៅកប់ក្នុងថ្មកំបោរមួយដុំ ប៉ុន្តែផូស៊ីលត្រីនោះ មិនទាន់ដឹងថាជាប្រភេទត្រីអ្វីនោះទេ។
បច្ចុប្បន្នភ្នំស្វាយបានក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំស្វាយ និងជាប្រភេទភ្នំថ្មកំបោរ ដែលមានអតីត កើតឡើងដោយកំណកនៃសារធាតុកំបោរ តាមរយៈផែនទី Geological map of Cambodia ដោយត្រូវបានកំណត់ក្នុងសម័យកាល Permian(២២៥-២៨០លានឆ្នាំ) ក្នុងស័កទី១ ដែលហៅថា Paleozoic នេះអាចជាសំណាកផូស៊ីលត្រីដំបូងគេនៅប្រទេសកម្ពុជា៕
