
សង្គម
អាម៉ាប៉ាប៉ាញ៉ូសឧត្តរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងនាពេលថ្មីៗនេះថា ច្រកព្រំដែនអូស្មាច់ កម្ពុជា ថៃ កំពុងទទួលពលករ វិលត្រលប់ចូលប្រទេសកម្ពុជា ជាង ១០០ នាក់ក្នុងមួយថ្ងៃ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ព្រំដែនអូស្មាច់ កម្ពុជា ថៃនេះ អាជ្ញាធរបានបិទ មិនឲ្យមានការចេញចូលនៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩នោះទេ ប៉ុន្តែអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ អាចវិលចូលកម្ពុជាវិញបាន តែត្រូវឆ្លងកាត់ម៉ាស៊ីនស្កេន រកមេរោគកូវីដ១៩ ជាមុនសិន បន្ទាប់មករដ្ឋបាលខេត្ត នឹងអនុវត្តវិធានចត្តាឡីស័កផងដែរ។
លោកបន្តថា « ជាក់ស្តែងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២០ នេះ អាជ្ញាធរខេត្តបានទទួលពលករខ្មែរចំណាកស្រុកត្រលប់មកពីប្រទេសថៃ ចូលកម្ពុជាតាមច្រកព្រំដែនអូស្មាច់ ចំនួន១៩៤នាក់ ហើយក្នុងនាមជាអាជ្ញាធរខេត្ត បានត្រៀមម្ហូបអាហារ និងទឹក សំរាប់ទទួលពលករខ្មែរ ទាំងអស់នោះផងដែរ » ។
បើតាមលោកអភិបាលខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋ ដែលវិលចូលកម្ពុជាវិញ តាមច្រកព្រំដែនអូស្មាច់ កម្ពុជា-ថៃ មិនមែនសុទ្ធសឹងជាប្រជាពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យទាំងអស់នោះទេ គឺមានប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាផងដែរ ។
លោកអភិបាលខេត្តរូបនេះ បន្ថែមថា កាលពីមិនទាន់មានកូវីដ១៩ ច្រកព្រំដែននេះ អាចដំណើរការអាជីវកម្មបានធម្មតា ហើយបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនៅតែអាច នាំចេញទំនិញទៅ កាន់ប្រទេសថៃ ហើយភាគីថៃ ក៏អាចនាំទំនិញមកកម្ពុជា បានធម្មតា ដោយប្រទេសទាំងពីរ បានអនុវត្តនីតិវិធីនៃការបង់ពន្ធ។
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ មានច្រកព្រំដែនចំនួន៣ ជាមួយប្រទេសថៃ ហើយប្រទេសទាំងពីរ បានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិទាំង៣ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ នៅអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩នេះ៕