header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តឧត្តរមានជ័យ៖ ស្ត្រីម្នាក់បានបង្ខំចិត្តប្តឹង លោកអនុសេនីយ៍ឯក សៀន វណ្ណា នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់មួយរូប ពីបទជំរិតទារប្រាក់៤០០បាតជាថ្នូរនឹងការអនុញ្ញាតឲ្យយកសត្វមាន់២ក្បាលមកចិញ្ចឹម បើមិនឲ្យលុយ គឺមិនឲ្យមាន់២ក្បាលនេះយកទៅចិញ្ចឹមឡើយ ដោយចោទប្រកាន់ពីបទនាំមាន់ចូលខុសច្បាប់។ 

ស្ត្រីដែលបានប្ដឹងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ មានឈ្មោះ ឈុំ សំណាង អាយុ៥៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់អូរស្មាច់ ដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

តាមរយៈលិខិតនោះ ស្ត្រីដើមបណ្ដឹងបាននិយាយរៀបរាប់ប្រាប់នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ រូបគាត់បានឱ្យអ្នកស្គាល់គ្នាដែលបើករថយន្តដឹកទឹកកកចេញពីប្រទេសថៃ ជួយទិញមាន់ឱ្យគាត់បាន២ក្បាលដើម្បីយកមកចិញ្ចឹមនៅផ្ទះ ព្រោះសម័យកូវីដ-១៩ មិនដឹងមានរបរអ្វីធំដុំធ្វើទេ ដូច្នេះគាត់រករបរចិញ្ចឹមសត្វនៅផ្ទះនេះវាស្រួលជាង។

ស្ត្រីដដែលបានបន្តថា ពេលមកដល់មាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ នាវេលាម៉ោង៩ព្រឹកថ្ងៃដដែល ស្រាប់តែលោកអនុសេនីយ៍ឯក សៀន វណ្ណា មិនអនុញ្ញាតឱ្យនាំសត្វមាន់២ក្បាលនោះចូលទេ។មិនត្រឹមតែប៉ុណ្ណោះមន្ត្រីនគរបាលរូបនោះថែមទាំងទារប្រាក់ចំនួន៤០០បាតជាថ្នូរនឹងការមិនដកហូតយកមាន់ទាំងពីរក្បាលនេះទុក។ ដោយសារការអង្វរមិនព្រម អ្នកដែលគាត់ផ្ញើឱ្យទិញមាន់នោះ ក៏បង់ប្រាក់ឱ្យមន្ត្រីនគរបាលរូបនោះចំនួន ៤០០បាត តាមការទាមទារ។

ដោយសារទង្វើរបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់បែបនេះ ស្ត្រីដដែលក៏បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃនេះ ដោយមិនខ្លាចនោះទេ។ គាត់ថា នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរស្មាច់ តែងតែធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយជាញឹកញាប់ ពេលខ្លះមានការឈ្លោះប្រកែកជេរគ្នារឿងយកលុយពីពលរដ្ឋទៅទិញម្ហូបពីថៃ ដឹកតាមម៉ូតូក៏មានដែរ។

នេះជាទង្វើធ្វើឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូរ ក្នុងនាមជានគរបាលជាតិម្នាក់ មកប្រព្រឹត្តអំពើមិនថ្លៃថ្នូរ បន្សល់ទុកគំរូអាក្រក់ ឱ្យពលរដ្ឋរិះគន់ ។ ផ្ទុយទៅវិញបើយល់ឃើញថា អាចចម្លងមេរោគ គួរកុំយកលុយជាថ្នូរនឹងការឱ្យមាន់ចូលនោះមិនអីទេ តែលោក សៀន វណ្ណា ចេញមកយកតួនាទីជំរិតពលរដ្ឋពេញទីតែម្តង។

ពាក់ព័ន្ធនឹងការប្ដឹងនេះ យើងមិនអាចសុំធ្វើការឆ្លើយបំភ្លឺពីខាងលោក សៀន វណ្ណា បាន យើងខ្ញុំនឹងរង់ចាំការឆ្លើយបំភ្លឺពីខាងលោកគ្រប់ពេល។

លោក សៀន វណ្ណា
ពាក្យបណ្ដឹង
ស្ត្រីដែលប្ដឹង
ច្រកអន្តរជាតិអូរស្មាច់
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post