header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងសុខាភិបាលបានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តនិងគណៈកម្មការវត្ត ត្រូវចាត់ចែងឱ្យមានការអនុវត្តវិធានការសុខាភិបាល និងត្រូវតាមដាន ត្រួតពិនិត្យនៅតាមវត្តអារ៉ាម រួមទាំងវិហារ សាលាឆាន់ និងកុដិ ដើម្បីធានាថា ការប្រារព្វពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៧កញ្ញានេះ គឺពុទ្ធបរិស័ទគ្រប់រូបនិងព្រះសង្ឃគ្រប់អង្គ បានចូលរួមអនុវត្តវិធានការការពារខ្លួនពីជំងឺឆ្លងកូវីដ១៩។

សេចក្ដីណែនាំចេញផ្សាយនៅថ្ងៃទី៣១សីហា ស្ដីពីការការពារការចម្លងជំងឺកូវីដ១៩និងការពុលចំណីអាហារអំឡុងពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក្រសួងសុខាភិបាលបានស្នើឱ្យនៅតាមវត្តអារ៉ាម ត្រូវរៀបចំកន្លែងលាងដៃនៅតាមច្រកចេញចូល និងកន្លែងវាស់កំដៅ និងបាញ់អាល់កុលនៅច្រកចេញចូលក្លោងទ្វារវត្ត។ គ្រប់ពុទ្ធបរិស័ទ ជាពិសេសនៅពេលប្រគេនចង្ហាន់ដល់ព្រះសង្ឃ ត្រូវរក្សាគន្លាតសុវត្ថិភាពមួយម៉ែត្រកន្លះ។ ព្រះសង្ឃគ្រប់អង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាស់ឱ្យមានគ្រប់ៗអង្គនិងគ្រប់ៗគ្នា។ អាជ្ញាធរត្រូវរាយការណ៍ជាបន្ទាន់ នៅពេលកើតមានករណីគ្រុនក្ដៅនិងគ្រុនផ្ដាសាយជាក្រុម និងត្រូវចាត់តាំងកម្លាំងតាមឃ្លាំមើល ការអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការការពារខ្លួនពីជំងឺឆ្លងកូវីដ១៩ និងការរៀបចំទុកដាក់អាហារឱ្យបានត្រឹមត្រូវ ចៀសវាសការបណ្ដាលឱ្យពុលអាហារ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់នេះ ដោយសារស្ថានភាពចម្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោក និងក្នុងតំបន់ មិនទាន់ធូរស្បើយនៅឡើយ គឺកំណើនឆ្លងនិងស្លាប់នៅតែខ្ពស់ ដែលធ្វើឱ្យកម្ពុជានៅតែប្រឈមខ្ពស់ ថ្វីត្បិតមិនទាន់មានករណីឆ្លងចូលទៅក្នុងសហគមន៍ក្ដី។

កាលពីថ្ងៃទី២៥សីហា ក្រសួងធម្មការនិងសាសនា ក៏បានចេញណែនាំអំពីវិធីការពារការចម្លងជំងឺកូវីដ១៩នៅក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះដែរ។ការប្រឈមហានិភ័យខ្ពស់ក្នុងការរាលដាលជំងឺកូវីដ១៩ គឺនៅពេលដែលមនុស្សមានការជួបជុំគ្នាច្រើន និងជាពិសេសអ្នកធ្វើដំណើរពីកន្លែងទៅកន្លែងមួយ។

គិតត្រឹមថ្ងៃទី៣១សីហា កម្ពុជាមានករណីឆ្លងសរុបចំនួន២៧៤នាក់ ប៉ុន្តែភាគច្រើនបំផុត គឺជាករណីនាំចូលពីក្រៅប្រទេស ក្នុងនោះជាសះស្បើយ២៦៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៧នាក់។ទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅអំឡុងបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post