
បរទេស
អាម៉ាប៉ាប៉ាញ៉ូសទូរទស្សន៍រដ្ឋវៀតណាមបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាលរបស់ខ្លួនបានចុះឈ្មោះដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់រុស្ស៊ី ស្រពពេលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងការឆ្លងឡើងវិញ បន្ទាប់ពីគ្មានករណីឆ្លងក្នុងសហគមន៍អស់រយៈប៉ុន្មានខែកន្លងមកនេះ។
ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ដំបូងគេបង្អស់របស់ពិភពលោក នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល២សប្តាហ៍ទៀត ខណៈរុស្ស៊ីបានបដិសេធថា គ្មានមូលដ្ឋានគ្រឹះនៃក្តីកង្វល់អំពីសុវត្ថិភាព ដូចអ្នកជំនាញមួយចំនួនបង្ហាញក្ដីព្រួយបារម្ភ ជុំវិញការអនុម័តយ៉ាងឆាប់រហ័សរបស់ទីក្រុងមូស្គូ ចំពោះការឱ្យប្រើប្រាសថវ៉ាក់សាំងនេះឡើយ។
ក្រសួងសុខាភិបាលប្រទេសវៀតណាមបន្តថា ក្នុងពេលនេះ ប្រទេសវៀតណាមនឹងនៅតែបន្តបង្កើតវ៉ាក់សាំងរបស់ខ្លួនដដែល។

ប៉ុន្តែក្រសួងប្រទេសនេះមិនបានបញ្ជាក់ថា តើវ៉ាក់សាំងរុស្ស៊ីចំនួនប៉ុន្មានដូស ដែលខ្លួនបានបញ្ជាទិញ ឬនឹងទទួលបានវ៉ាក់សាំងទាំងនោះនៅពេលណាឡើយ។ ប្រទេសវៀតណាមរំពឹងថា វ៉ាក់សាំងដែលបង្កើតឡើងក្នុងស្រុក នឹងអាចរួចរាល់និងអាចប្រើប្រាស់បាននៅចុងឆ្នាំ២០២១ខាងមុខ។
ប្រទេសវៀតណាមបានរាយការណ៍ថា មានអ្នកឆ្លងសរុបចំនួន៩១១នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន២១នាក់។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានព្រមានថាហានិភ័យនៃការរីករាលដាលកាន់តែខ្លាំងគឺខ្ពស់ណាស់ ហើយបាននិយាយថានៅប៉ុន្មានថ្ងៃខាងមុខទៀត នឹងកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៅពេលនេះ៕