
សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍នៅល្ងាចថ្ងៃអាទិត្យថា មានករណី ឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៤នាក់ ដែលករណីទាំងអស់នេះសុទ្ធតែជាប់ពាក់ព័ន្ធនឹងករណីផ្ទុះនៅទីក្រុងដាណាំង និងបានធ្វើឱ្យចំនួនឆ្លងសរុបរបស់ប្រទេសនេះកើនដល់៨៤១នាក់ ក្នុងនោះអ្នកកំពុងសម្រាកព្យាបាលមានចំនួន៤៣៥នាក់ និងស្លាប់កើនដល់១១នាក់។
វៀតណាម បានដាក់ប្រជាជនជាង១៧៨.០០០នាក់ ឱ្យនៅដាច់ដោយឡែកពីគេ នៅទូទាំងប្រទេស ក្នុងនោះចំនួន២៧.០០០នាក់នៅក្នុងមណ្ឌលចត្តាឡីស័ក ៥ ០០០នាក់នៅមន្ទីរពេទ្យ និងនៅសល់ឱ្យនៅតាមផ្ទះ។
ក្រសួងសុខាភិបាលបានបញ្ជាក់នៅ ស្ត្រីអាយុ៥៥ឆ្នាំម្នាក់នៅទីក្រុងដាណាំង គឺជាអ្នកស្លាប់ដោយជំងឺកូវីដ១៩លើកទី១១។ នាងមានរោគសញ្ញាថប់ដង្ហើមធ្ងន់ធ្ងរ និងមានសម្ពាធឈាមខ្ពស់ ហើយត្រូវបានជួយសង្គ្រោះដោយខ្យល់អុកស៊ីសែន។
នៅថ្ងៃទី៩សីហានេះ សម្ពាធឈាមរបស់នាងបានធ្លាក់ចុះយ៉ាងខ្លាំង ហើយនាងបានវិវត្តទៅជាការហូរឈាមក្រពះ ពោះវៀន និងបានគេប្រកាសថាបានស្លាប់នៅម៉ោង១២ថ្ងៃត្រង់។
ក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់ ក្នុងនោះមាន៩នាក់នៅទីក្រុងដាណាំង ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងយ៉ាងខ្លាំងជំងឺកូវីដ និង២នាក់ទៀតនៅខេត្តជិតខាង គឺខេត្តក្វាងណាម៕